ព័ត៌មានជាតិ

កិច្ចប្រជុំពិនិត្យ ពិភាក្សាបន្តលើការរៀបចំ សេចក្តីព្រាងច្បាប់ ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន

រាជធានីភ្នំពេញ ៖ នៅថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ា​ល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងច្បា​ប់​ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ នៅទីស្ដីការក្រសួងសាធារ​ណ​ការ និង​ដឹកជញ្ជូន។

អង្គប្រជុំបានពិភាក្សាលើការប្រើប្រាស់ពាក្យពេចន៍ ឃ្លាឃ្លោង និងខ្លឹមសារទាក់ទងនឹងជំពូកទី៤ ស្តីពីបទបញ្ញត្តិទូទៅ មាត្រា១​០​-​១​១ នៃសេចក្តីព្រាងច្បាប់ស្ដីពីទឹកកខ្វក់ និងប្រព័ន្ធលូ សំដៅរៀបចំសេចក្ដីព្រាងច្បាប់នេះ ឱ្យលេចចេញជារូបរាងឡើងប្រក​ប​ដោ​យភាពច្បាស់លាស់ឈរលើគោលការណ៍ រួមមាន អត្ថន័យ និងខ្លឹមសារគ្រប់គ្រាន់ ដើម្បីដាក់ឆ្លងកិច្ចប្រជុំអន្តរក្រសួងឱ្យបានឆាប់តាមដែលអាចធ្វើបាន។

នៅក្នុង​ឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យសមាជិកសមាជិកាក្រុមការងារ ជំនួយការលេខាធិកា​រ​ដ្ឋាន រៀបចំកិច្ចប្រជុំឱ្យបានញឹកញាប់ ដើម្បីពន្លឿនការរៀបចំសេចក្ដីព្រាងច្បាប់នេះ មានសន្ទុះទៅមុខកាន់តែលឿន និងរក្សាទុកចំណុចណាដែលមិនទាន់ឯកភាពគ្នាជូនថ្នាក់ដឹកនាំលេខាធិការដ្ឋានពិនិត្យសម្រេច។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានមាន​ប្រសាសន៍ ថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុមការ​ងា​រជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងចងក្រងឯកសារ និងសិក្សាករណីច្បាប់របស់ប្រទេសនានាបានល្អិតល្អន់ និ​ងស៊ីជម្រៅ ជាពិសេសឯកសារគតិយុត្តពាក់ព័ន្ធទាំងឡាយនៅកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ាល់ ចន្ទតារា ​​មានប្រសាសន៍ថា ច្បាប់នេះនឹងអាចចូលរួមដោះស្រាយបញ្ហាទាក់ទងនឹងស្តង់ដារគុណ​ភា​ព បញ្ចេញទឹកកខ្វក់ពីស្ថានីយប្រព្រឹត្តិកម្ម យន្តការកំណត់តម្លៃសេវាទឹកកខ្វក់ គំនិតផ្តួចផ្តើមនៃការដាក់បញ្ចូលតម្លៃសេវាទឹ​ក​កខ្វក់ចូលក្នុងវិក្កយបត្រទឹកស្អាត និងពង្រឹងការផ្តល់សេវាការគ្រប់គ្រងសំណល់ ភក់ពីបង្គន់ជាដើម។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណា​ច​​​​​​​​​​​​​​​​​ក្រកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដើម្បីធានាប្រយោជន៍​សុខភាព​សា​ធារណៈ នៅក្នុងទីក្រុងឱ្យមានភាពប្រសើរឡើង និងចូលរួមចំណែកដល់ការធានាបាននូវបរិស្ថានស្អាតផងដែរ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button