ព័ត៌មានជាតិ

តំបន់រមណីយដ្ឋានទឹកធ្លាក់ជ្រាវមា​ន​សក្តានុពលធំធេងណាស់ ព្រោះវាស្ថិតក្នុងតំបន់ជួរភ្នំឱរ៉ាល់ ខេត្តកំព​ង់​ស្ពឺ កំពុងទាក់ទាញភ្ញៀវទេសចរឲ្យទៅកម្សាន្តនិងបោះតង់

ខេត្តកំពង់ស្ពឺ ៖ សហគមន៍ទេសចរណ៍ទឹកធ្លាក់ជ្រាវ កំពុងទាក់ទាញភ្ញៀវទេសចរឲ្យទៅងូតទឹកលេងកម្សាន្តនិងបោះតង់ ដែលបានជួយលើកស្ទួយជីវភាពប្រជាសហគមន៍នៅក្នុងតំបន់នោះ ។
លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ឲ្យដឹងថា តំបន់រមណីយដ្ឋានទឹកធ្លាក់ជ្រាវមានសក្តានុពលធំធេងណាស់ ព្រោះវាស្ថិតក្នុងតំបន់ជួរភ្នំឱរ៉ាល់ដែលប្រមូលផ្តុំដោយសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ហើយអ្វីដែលអស្ចារ្យខ្លាំងនោះ គឺតំបន់នេះ មានទឹកធ្លាក់ពីលើភ្នំរហូតដល់ ១៥ ម៉ែត្រ ដែលមានភាពទាក់ទាញខ្លាំងសម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្ត។
លោកបានបន្តថា ទឹកធ្លាក់ជ្រាវបានបែងចែកជា២ដោយមួយទឹកធ្លាក់មានកម្ពស់ទាបនិងទឹក ធ្លាក់មានកម្ពស់ខ្ពស់ ហើយកន្លែងលេងកម្សាន្តមានកន្លែងខ្លះមានទឹកជ្រៅនិងជាតំបន់គ្រោះថ្នាក់ សហគមន៍បានធ្វើជាសំណាញ់ដាក់ព័ទ្ធជុំវិញដើម្បីការពារកុំឲ្យមនុស្សធ្លាក់ចូល ។

ចំពោះការរៀបចំទី១ ការអភិវឌ្ឍន៍ផ្នែកម្ហូបអាហារ ផ្នែកម្ហូបអាហារគឺយើងរៀបចំជាសហគមន៍គាត់ធ្លាប់ធ្វើម្ហូបអីឆ្ងាញ់ គាត់ធ្វើម្ហូបប្រចាំតំបន់ដើម្បីទទួលភ្ញៀវទេសចរ ទី២នៅតំបន់ជ្រាវនេះ ក៏អាចមានកន្លែងបោះតង់ដែរ ដែលយើងមានមគ្គុទ្ទេសក៍នាំភ្ញៀវទេសចរឡើងភ្នំបោះតង់ តែការបោះតង់បានចំនួន ១០ ទៅ១៥តង់ដោយសារកន្លែងនោះវារាងតូច។
លោកបន្តថា បច្ចុប្បន្ននេះអាជ្ញាធរបានធ្វើការឈូសឆាយផ្លូវចូលបានល្អជាងមុនផងដែរ ដើម្បីសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរ ។
លោកបញ្ជាក់ទៀតថា មន្ទីរក៏បានធ្វើការណែនាំជាប្រចាំដល់ភ្ញៀវទេសចរ សហគមន៍ អាជីវករ ទាក់ទងនិងវិធានការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយរក្សាគម្លាត ត្រូវមានជេលនិងទឹកអាកុលលាងដៃ និងពាក់ម៉ាស់ តាមគោលការណ៍របស់ក្រសួងសុខាភិបាល។
តំបន់ទឹកធ្លាក់ជ្រាវបានបើកឲ្យដំណើរការកាលពីឆ្នាំ២០១៥ ដែលស្ថិតនៅក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ មានចម្ងាយប្រមាណជាង ៧០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ស្ពឺ ដែលទឹកធ្លាក់នេះជាជម្រាលច្រើនដំណាក់ អំណោយផលដល់ការងូតទឹកលេងកម្សាន្ដពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ។
សូមបញ្ជាក់ថា តំបន់ទេសចរណ៍នៅក្នុងខេត្តកំពង់ស្ពឺ មានចំនួន ១៣ កន្លែង ក្នុងនោះ រមណីយដ្ឋានប្រវត្តិសាស្ត្រមានចំនួន៤ក​ន្លែង រួមមាន ល្អាងបុរាណវិទ្យាភ្នំចាស់ បុរាណវិទ្យាភ្នំព្រះ រមណីយដ្ឋានប្រវត្តិសាស្រ្តតេទឹកពុះ និងរមណីយដ្ឋានប្រាសាទភ្នំក្អែកពង ។ រមណីយដ្ឋានធម្មជាតិមានចំនួន ៨កន្លែងរួមមាន ឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ មណ្ឌលកំសាន្តគីរីរម្យ សហគមន៍ទេសចរណ៍ធម្មជាតិចំបក់ សហគមន៍ទេសចរណ៍ធម្មជាតិជ្រាវ រមណីយដ្ឋានអំពែភ្នំ គីរីរម្យផាញរីសត កីឡាដ្ឋានវាយកូនហ្គោល រមណីយដ្ឋានឬទ្ធីគីរីសែនមនោរម្យ និងសារមន្ទីរនរៈបុរី ១កន្លែង ។ ចំណែកតំបន់ទេសចរណ៍ផ្សងព្រេង មាន ២ ទីតាំងគឺនៅ ភ្នំឱរ៉ាល់ និង ភ្នំខ្នងផ្សារ ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button