ព័ត៌មានជាតិ

ក្នុងឱកាសអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដែលរងទុក្ខលំបាកជានិច្ច

ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែល រួមសុខរួមទុក្ខជាមួយ ប្រជាពលរដ្ឋរងទុក្ខលំបាកដោយសារគ្រោះធម្មជាតិ និងកត្តាផ្សេងៗ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញបន្តសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោ​យ​ទឹ​កជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ១ម៉ឺនគ្រួសារ។

សម្តេចតេជោបានបញ្ជាក់ទៀតថា សម្តេច រួមទាំងមន្ត្រីពាក់ព័ន្ធនៅក្នុងបក្ស តែងតែយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលខ្វះខាត និងរងនូវផលប៉ះពាល់ មិនថាទឹកជំនន់ ឬបញ្ហាផ្សេងៗដែលកើតឡើងឡើយ។ សម្តេចតេជោបានបញ្ជាក់ថា គណបក្សប្រជាជន គឺជាគណបក្សដែលរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋជានិច្ច ប៉ុន្តែចំពោះមនុស្សមួយចំនួន គឺរួមតែពេលមានសុខ ដល់ពេលមានទុក្ខរត់ចោលអស់ សូម្បីតែពាក្យសម្ដែងនូវមរណទុក្ខ និងភាពសោកស្ដាយ ក៏គ្មានដែរ។

សម្តេច​បញ្ជាក់ថា​ យើងនិយាយតាមមួយបែប គណបក្សប្រជាជនគឺជាគណបក្ស ដែលរួមទាំងសុខ ហើយរួមទាំងទុក្ខ ពាក្យខ្មែរគឺបានភ្ជាប់គ្នាថា រួមសុខរួមទុក្ខ ក៏ប៉ុន្តែអ្នកខ្លះ រួមតែជាមួយ ពេលមានសុខទេ ទុក្ខរត់ចោលយើងអស់ សូម្បីតែពាក្យមួយម៉ាត់ សំដែងនូវមរណទុក្ខ សម្ដែងនូវការសោកស្ដាយ ចំពោះការលិចលង់ ក៏គេមិនបាននិយាយផង។ ប៉ុន្តែសម្រាប់គណបក្សប្រជាជន ដែលបានរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋរបស់យើង ក្រោយរបបប៉ុលពតជាង ៣១ឆ្នាំ យើងនៅតែបន្តប្រពៃណីទៀត។

 

នេះហើយបង្ហាញឱ្យឃើញកាន់តែច្បាស់ នៅពេលណាដែលមានមហន្តរាយកើតឡើង ប្រជាជនជួបការលំបាក តែងតែមានវត្ត​មានជានិច្ច នៃមន្ត្រីគណបក្សប្រជាជន សម្រាប់ខ្លួនខ្ញុំ គឺខ្ញុំគ្មានទម្លាប់ ដើរចោលប្រជាជន នៅពេលដែលប្រជាជនកំពុងតែជួបការលំបាកនោះទេ។ ខ្ញុំនៅចាំបានថា នៅពេលទឹកជំនន់ឆ្នាំ២០០០ខ្ញុំប្រើពេល ៦៨ថ្ងៃ ដោយគ្មានសម្រាក ដើម្បីសង្គ្រោះប្រជាជន នៅពេលនោះ ដែលមានទំហំដ៏ធំរាប់លានគ្រួសារ ប៉ុន្តែមកដល់ពេលនេះ គឺយើងមានតែត្រឹមប៉ុន្មានសិបម៉ឺនគ្រួសារតែប៉ុណ្ណោះ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button