ព័ត៌មានជាតិ

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់សមាសសភាពក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោ រាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោ មានបើកពិធីប្រកាសទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌ និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាសង្កាត់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម រ័ត្ន ស៊្រាង សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌដង្កោ, ឯកឧត្ដម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ, ឯកឧត្ដម លី ឆេង សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌដង្កោ, លោក ម៉ៃ ម៉ុន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌដង្កោ, លោកស្រី គឹម ញឹប អនុប្រធានគណបក្សខណ្ឌ ជាអភិបាលខណ្ឌដង្កោ និងមានការអញ្ជើញចូលរួមពីលោកអនុប្រធានប្រចាំការគណបក្សខណ្ឌ,លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សខណ្ឌ និងសមាជិក សមាជិកា ជាច្រើនរូបផងដែរ។

ថ្លែងក្នុងពិធីនោះផងដែរ ឯកឧត្តម រ័ត្ន ស្រ៊ាង បានសម្តែងនូវក្តីរីករាយ និងចូលរួមអបអរសាទរចំពោះ លោក លោកស្រី ប្អូនៗ ក្មួយៗ ទាំងអស់ ដែលត្រូវបានប្រកាសទទួលស្គាល់ជាក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា នៅថ្នាក់ខណ្ឌ ៤៧នាក់ និងថ្នាក់សង្កាត់ចំនួន ៣០៦នាក់ ។ ឯកឧត្តម រ័ត្ន ស្រ៊ាង បានថ្លែងបន្ថែមថា ក្រោមនយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញដោយ សម្ដេចអគ្គមហាសេនាបតី តេជោ  ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរំលាយចោលទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ យោធារបស់ក្រុមឧទ្ទាមខ្មែរក្រហមខុសច្បាប់ បានធ្វើឱ្យប្រទេសកម្ពុជាទាំងមូល ទទួលបានសុខសន្ដិភាពពេញលេញ និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ដូច្នេះ ភារកិច្ចចំពោះមុខ របស់យុវជនជំនាន់ថ្មី គឺត្រូវចូលរួមការពារដាច់ខាតនូវសមិទ្ធិផលនានា ដែលគណបក្សប្រជាជនកម្ពុជាបានពុះពារកសាងឡើង ដោយមិនអនុញ្ញាតឱ្យមជ្ឈដ្ឋានណាមួយ ឬជនអគតិទាំងឡាយណា ដែលកំពុងប៉ុនប៉ងអូសទម្លាក់ប្រទេសជាតិទៅក្នុងវិបត្តិភ្លើងសង្គ្រាមដូចទស្សវត្សឆ្នាំ៧០ បានជាដាច់ខាត។

ឆ្លៀតក្នុងឱកាសនាពេលនោះ ឯកឧត្ដម នួន ផារ័ត្ន បានឧបត្ថម្ភថវិកាចំនួន១៤លានរៀល (ជូនដល់ក្រុមការងារ យុវជនគណបក្សខណ្ឌ ចំនួន២លាន និង ក្រុមការងារយុវជនគណបក្សសង្កាត់ ចំនួន១២សង្កាត់ ក្នុង១សង្កាត់ ១លានរៀល) និង ឯកឧត្តម រ័ត្ន ស្រ៊ាង បានឧបត្ថម្ភថវិកាដល់សមាជិក សមាជិកា ដែលចូលរួមទាំងអស់ ក្នុងម្នាក់ៗ ២ម៉ឺនរៀល៕

 

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button