ព័ត៌មានជាតិ

ក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី៧ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីយឹម ឆៃលី អំពាវនាវដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពង្រឹង និងពង្រីកយុទ្ធនាការអប់រំ ផ្សព្វផ្សាយទិវាជាតិអាហារូបត្ថម្ភ

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី៧ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីយឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពង្រឹង និងពង្រីកយុទ្ធនាការអប់រំ ផ្សព្វផ្សាយទិវាជាតិអាហារូបត្ថម្ភ ។
ការអំពាវនាវនេះ ជាការលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួម ផលិតគ្រប់ដំណាំជាលក្ខណៈគ្រួសារ ឬជាសហគមន៍ ដូចជាសួនបន្លែតាមគ្រួសារ តាមសាលារៀន ឬតាមវត្តអារាមនានា ដើម្បីបង្កើនទាំងបរិមាណគុណភាពសុវត្ថិភាព និង ធានា ឱ្យមានស្បៀងអាហារចម្រុះជាច្រើនមុខ និងជំរុញលើកកម្ពស់ការចិញ្ចឹមសត្វឱ្យកាន់តែទូលំទូលាយ និងមាននិរន្តរភាព។ ប្រជាពលរដ្ឋត្រូវបរិភោគអាហារធម្មជាតិចម្រុះមុខ និងសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមាននៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានអាហារូបត្ថម្ភល្អ មានសុខភាពល្អ និងជីវិតប្រសើរថ្លៃថ្លា។
ឯកឧត្តមបន្តថា កម្ពុជាបានប្តេជ្ញាចិត្តបញ្ចប់ភាពអត់ឃ្លាន និងបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ក្នុងប្រទេសនៅឆ្នាំ២០៣០ ស្របតាមគោលដៅទី២ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ដែលបានបញ្ចាក់ច្បាស់ថា បញ្ចប់ភាពអត់ឃ្លាននៅក្នុងពិភពលោក និងបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ និងធានាថា ប្រជាជនគ្រប់រូបពិសេសកុមារ មានអាហារូបត្ថម្ភល្អ និងមានលទ្ធភាពទទួលបានស្បៀងគ្រប់គ្រាន់រាល់ឆ្នាំ។
ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៦ វិច្ឆិកា ជាទិវាជាតិអាហារូបត្ថម្ភ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ឱ្យបានកាន់តែទូលំទូលាយនៅទូទាំង ប្រទេស អំពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនផលិតភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។
ឯកឧត្តមបញ្ជាក់ថា វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាបញ្ហាអន្តរវិស័យមួយ ដែលទាមទារឱ្យមានយន្តការ សម្របសម្រួលសមស្រប ការវិនិយោគ និងកិច្ចសហការពីគ្រប់ភាគី និងប្រទាក់ក្រទ្បាគ្នារវាងវិស័យពាក់ព័ន្ធនានា និង កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៏ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសហគមន៍ ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button