ព័ត៌មានជាតិ

កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលីជោគជ័យនៅខណ្ឌច្បារអំពៅ បានបន្តចែករំលែកបទពិសោធន៍ជូនដល់ប្រជាកសិករដែលមានបំណងចង់ចិញ្ចឹម ដើម្បីឱ្យមានមុខរបរច្បាស់លាស់ បង្កើនចំណូលក្នុងក្រុមគ្រួសារ

រាជធានីភ្នំពេញ ៖ កសិដ្ឋានចិញ្ចឹមបង្កងអូស្ត្រាលីជោគជ័យនៅខណ្ឌច្បារអំពៅ បានបន្តចែករំលែកបទពិសោធន៍ជូនដល់ប្រជាកសិករដែលមានបំណងចង់ចិញ្ចឹម ដើម្បីឱ្យមានមុខរបរច្បាស់លាស់ បង្កើនចំណូលក្នុងក្រុមគ្រួសារ ខណៈដែលបង្កងកំពុងមានតម្រូវការទីផ្សារ។

លោក អ៊ិន សំណាង ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានឱ្យដឹងថា ការចិញ្ចឹមបង្កងនេះ បើយើងចិញ្ចឹមក្នុងអាងយើងត្រូវរៀបចំអាងឱ្យបានស្អាតជាមុនសិន មុននឹងដាក់បង្កងចូលទៅ ។ ក្នុងអាងមិនត្រូវឱ្យមានជាតិកំបោរឬស៊ីម៉ង់ត៍ ដូច្នេះដើម្បីកម្ចាត់វា យើងត្រូវលាបឡាំងកូត ហើយដាក់ទឹកចូលទៅក្នុងអាង ត្រាំជាមួយដើមចេករយៈពេល១០ ថ្ងៃ ដើម្បីបន្សាបជាតិកំបោរឬស៊ីម៉ង់ត៍នៅក្នុងអាងនោះ។  លោកបន្តថា បន្ទាប់មកយើងដាក់ទឹកថ្មីចូល ដែលទឹកនោះត្រូវមាន PH=៧ឫ PH=៧,៥ និងដាក់ចកឬសារាយ ដើម្បីជាជម្រក និងឱ្យបង្កងមានសុខភាពល្អ។ បើអាងមានទំហំ ១៨ ទៅ ២០ ម៉ែត្រការ៉េ ត្រូវដាក់អំបិល ១គីឡូក្រាម ចំពោះទឹកយើងត្រូវដាក់កម្ពស់ពី២តឹក ទៅ២តឹកកន្លះ បើយើងដាក់ជ្រៅពេកអត់មានអុកស៊ីសែននិងធ្វើឱ្យវាងាប់ ហើយយើងត្រូវប្រកតង់ឬធ្វើដំបូលឱ្យត្រជាក់ ទើបបង្កងលូតលាស់ល្អ។ ក្នុងអាងទំហំ១ម៉ែត្រការ៉េ យើងអាចដាក់បង្កងធំៗបានពី១០ទៅ១៥ក្បាល ដោយឡែកកូនបង្កងតូចៗ ក្នុង១ម៉ែត្រការ៉េយើងអាចដាក់បានដល់ជាង១០០០ក្បាល ហើយរយៈពេល៦ខែយើងអាចលក់បានហើយ។ ការចិញ្ចឹមបង្កងសម្រាប់ខ្ញុំទីមួយគឺមានទុន ទីពីរគឺទឹកចិត្តការស្រឡាញ់របស់យើងទន្ទឹមនឹងនោះយើងក៏ត្រូវរៀន បទពិសោធន៏លក្ខណៈបច្ចេកទេសហើយចំណុចសំខាន់ក្នុងការចិញ្ចឹមបង្កងគឺលក្ខណៈទឹកយើងត្រូវចេះគ្រប់គ្រងទឹកចេះវាស់ ទឹកអាងនិងយើងត្រូវលម្អិតនៅក្នុងបច្ចេកទេសទៀត។ពីដំបូងដែលខ្ញុំចិញ្ចឹមថ្មីថ្មោងគឺមួយខែខ្ញុំប្តូរម្តងឬលើសបន្តិចបន្តួចតែដល់ ក្រោយមកគឺមានរយៈពេលមួយខែជាងឬក៏ពីរខែយើងចេះធ្វើពិធីកែច្នៃទឹកយើងកែឆ្នៃកុំឲ្យធំក្លិនស្អុយឫក៏កាត់ស្លែកាត់អីទៅ យើងរក្សាទឹកហ្នឹងបានយូរដែរ។

លោកបញ្ជាក់ថា ចំពោះចំណីយើងត្រូវដាក់ឱ្យបង្កងស៊ីចំនួន ១ ដងក្នុងថ្ងៃ ហើយចំណីដែលយើងដាក់ឱ្យវាស៊ីគឺចំណី ដែលគេផលិតស្រាប់ៗ តែយើងក៏អាចផ្តល់ចំណីបន្ថែមផ្សេងទៀតដូចជា ល្ហុង ចេក ស្ពៃ កិនបញ្ចូលគ្នាឱ្យវាស៊ី ក៏បានដែរ ដើម្បីឲ្យបង្កងឆាប់ធំ។ ប្រសិនបើកសិករចង់ទៅរៀនផ្ទាល់អាចអញ្ចើញមកទីតំាងកសិដ្ឋានដោយពុំមាន យកលុយឬថ្លៃ បង្រៀនឡើយ ក្នុងគោលដៅជួយលើកកម្ពស់ជីវភាពប្រជាកសិករខ្មែរឱ្យកាន់តែធូធារ៕

pvk

Leave a Reply

Your email address will not be published. Required fields are marked *