ព័ត៌មានជាតិ

អនុវត្តតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីណែនាំ ស្ដីពី ការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ នៅខេត្តកណ្ដាល

ខេត្តកណ្តាល៖ នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីណែនាំ ស្ដីពី ការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ នៅខេត្តកណ្ដាល។

អនុវត្តតាមអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល មេរោគកូវីដ -១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តកណ្តាល សូមធ្វើការណែនាំដល់ រដ្ឋបាលក្រុង រដ្ឋបាលស្រុក មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ពាណិជ្ជករ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដូចខាងក្រោម៖

១- ត្រូវផ្អាករាល់ការជួបជុំ ឬការប្រមូលផ្ដុំ ដូចជាកម្មវិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ការជួបជុំបែប សាសនា និងការប្រមូលផ្ដុំដែលមានមនុស្សលើសពី២០នាក់ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ ក្នុងករណីចាំបាច់អនុញ្ញាតឱ្យមានការជួបជុំ ប៉ុន្តែការជួបជុំនេះមិនលើសពីចំនួន២០នាក់ និងត្រូវរក្សាគម្លាត សុវត្ថិភាពសង្គមចម្ងាយ ១,៥ ម៉ែត្រ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់។

២-ចាត់តាំងឱ្យមានកម្លាំងធ្វើការផ្សព្វផ្សាយ អប់រំណែនាំ ដល់ព្រះសង្ឃ មន្ត្រីរាជការ កម្មករ និយោជិត ពាណិជ្ជករ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល *ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ឱ្យរ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។ ក្នុងករណ៏ លទ្ធផលតេស្តអវិជ្ជមាន ត្រូវធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រុមគ្រូពេទ្យ។

៣-ចុះត្រួតពិនិត្យ និងតាមដាននៅតាមភោជនីយដ្ឋាន អាហារដ្ឋាន ក្លឹបហាត់ប្រាណ រោងភាពយន្ត ក្លិប កម្សាន្ត(ខារ៉ាអូខេ បៀរហ្គាឌិន) អាជីវកម្មម៉ាស្សាសុខភាព-ស្មៅ និងកន្លែងលក់ដូរនានា ឱ្យអនុវត្ត វិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ដោយត្រូវរៀបចំដែល ឬអាល់កុលលាងដៃ នៅមុខច្រកទ្វារចេញ-ចូល និងត្រូវចាត់តាំងបុគ្គលិកឱ្យធ្វើការវាស់កម្តៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាត ឱ្យចូលក្នុងទីតាំងអាជីវកម្មទាំងនោះ ព្រមទាំងត្រូវរៀបចំរក្សា គម្លាតសុវត្ថិភាពសង្គមអង្គុយយ៉ាងតិច ១,៥ម៉ែត្រ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់។ ក្នុងករណីដែលម្ចាស់អាជីវកម្មខាងលើ មិនអនុវត្តតាមការ ណែនាំ រដ្ឋបាលខេត្តកណ្តាល និងបិទអាជីវកម្មនោះជាបណ្តោះអាសន្ន។

៤- ចំពោះផ្សាររដ្ឋ និងផ្សារឯកជន ត្រូវរៀបចំឱ្យមានការវាស់កម្ដៅ ការពាក់ម៉ាស់ និងការលាងដៃសម្លាប់ មេរោត ព្រមទាំងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគម្លាតសុវត្ថិភាពសង្គម។

៥-ធ្វើការពិនិត្យស្ថានភាពការស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋធ្វើចត្តាឡីស័កតាមផ្ទះ ដែលបញ្ជូន មកពីមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្ត ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កទាំងអស់ ដែលរៀបចំដោយរដ្ឋបាលខេត្តកណ្តាល និងត្រូវ រៀបចំចាត់ចែងការងារបន្ត ដោយផ្អែកលើលទ្ធផលនៃការតាមដានសុខភាព។ អំពាវនាវបងប្អូន ប្រជាពលរដ្ឋ ក្នុងករណីមិនចាំបាច់មិនត្រូវធ្វើដំណើរចេញក្រៅផ្ទះ។

៦- រដ្ឋបាលក្រុង ស្រុកទាំង១១ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលខេត្តកណ្តាល ត្រូវធ្វើ ការផ្អាករាល់ការប្រជុំចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ ចំពោះទីតាំងផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋ ត្រូវរៀបចំកន្លែងអង្គុយឱ្យមានគម្លាតចម្ងាយ ១,៥ម៉ែត្រ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ដោយកំណត់ចំនួនប្រជាពលរដ្ឋដែលមកទទួលសេវាមិនឱ្យលើសពី២០នាក់ ក្នុង ពេលម្តងៗ។

៧- ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ផ្សេងទៀត របស់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ដែលកំពុងនៅជាធរមាន។

ទទួលបានសេចក្តីណែនាំនេះ នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត អភិបាលក្រុង អភិបាលស្រុក ប្រធានមន្ទីរ អង្គភាពជំនាញ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់។

រដ្ឋបាលខេត្តកណ្តាល សង្ឃឹមយ៉ាងមុតមាំលើស្មារតីយោគយល់អធ្យាស្រ័យខ្ពស់បំផុត ពីសំណាក់បងប្អូន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងសូមចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវសេចក្តីណែនាំនេះ។

pvk

Leave a Reply

Your email address will not be published. Required fields are marked *