ព័ត៌មានជាតិ

កម្ពុជា-សិង្ហបុរី នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីបន្ថែមទៀត ដើម្បីផលប្រយោជន៍ សម្រាប់ប្រទេសទាំងពីរតំបន់ និងពិភពលោក

រាជធានីភ្នំពេញ៖ កម្ពុជា-សិង្ហបុរី នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីបន្ថែមទៀត ដើម្បីផលប្រយោជន៍ សម្រាប់ប្រទេសទាំងពីរតំបន់ និងពិភពលោក។
ថ្លែងក្នុងឱកាសឯកឧត្ដម មៃ ឃើល៍ តាន់ កេង ស្យុង (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំ ព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរចំពោះ ឯកឧត្ដមឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូត ប្រកបដោយជោគជ័យនៅកម្ពុជា និងបានរួមចំណែកលើកកម្ពស់ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ ថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា នៅក្នុងអាណត្តិរបស់ឯកឧត្ដម មៃ ឃើល៍ កេង ស្យុង ប្រទេសទាំងពីរ សម្រេចបាននូវសមិទ្ធផលជាច្រើនដូចជា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរជាបន្តបន្ទាប់ ការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ទំហំវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា ព្រមទាំងបានរៀបចំឲ្យមានព្រឹត្តិការណ៍ Street Art Fest++ ដើម្បីអបអរសាទរខួបលើក ទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងសិង្ហបុរី។
នៅក្នុងឱកាសនោះដែរ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំ ព្រមទាំង មន្រ្តីក្រសួងការបរទេស ក៏ដូចជាក្រសួង/ស្ថាប័នពាក់ព័ន្ធ ក្នុងការរួមចំណែកធ្វើឱ្យបេសកកម្មរបស់ឯកឧត្ដមនៅកម្ពុជាទទួល បានជោគជ័យ។នៅក្នុងឱកាសនោះ ឯកឧត្ដមឯកអគ្គរដ្ឋទូតបានលើកឡើងអំពីសមិទ្ធផលចំនួន០៣ដែលឯកឧត្ដមសម្រេចបាន ក្នុងអាណត្តិរបស់ឯកឧត្តមរួមមាន៖(១)គម្រោងហេដ្ឋារចនាសម្ព័ន្ធអាស៊ី(Asia Infrastructure-AI)ដែលនឹងផ្តល់ផលប្រយោជន៍ ដល់បណ្តាប្រទេសទន្លេមេគង្គ ដូចជា គម្រោងប្រែក្លាយកាកសំណល់ទៅជាថាមពល គម្រោងគ្រប់គ្រងកាកសំណល់ និង មជ្ឈមណ្ឌលឡូជីស្ទីកភ្នំពេញ (Phnom Penh Logistic Complex), (២)ការចូលរួមចំណែករបស់សហគមន៍សិង្ហបុរីនៅកម្ពុជាក្នុងការជួយដោះស្រាយការលំបាកនានារបស់ប្រជាជនកម្ពុជារួមមានការផ្តល់មូលនិធិជូនដល់ជនរងគ្រោះដោយសារគ្រោះមហន្តរាយជំនន់ទឹកភ្លៀងកាលពីខែតុលាថ្មីៗនេះ និងការចូលរួមជា វិភាគទានថវិកាដែលប្រមូលបានតាមរយៈព្រឹត្តិការណ៍ Street Art Fest++ ជូនដល់មូលនិធិកុមារកម្ពុជា និង សិល្បៈកម្ពុជាអមតៈ និង (៣) ការពង្រឹងទំនាក់ទំនង និងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រទេសសិង្ហបុរី ក្នុងការអភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជា ជាពិសេសក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន និងមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-សិង្ហបុរី ដែលបានជួយបណ្ដុះបណ្ដាលមន្រ្ដីកម្ពុជា ទាំងនៅប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី ព្រមទាំងការផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតកម្ពុជាឱ្យបានបន្តការសិក្សាជាបន្តបន្ទាប់នៅប្រទេសសិង្ហបុរី។ចំពោះទំនាក់ទំនងរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីសារសំខាន់ នៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេស ទាំងពីរ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាននយោបាយសាធារណៈលី ក្វាន់យូ ជាមួយនិងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានបន្ថែមថា កម្ពុជា និងសិង្ហបុរី នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីបន្ថែមទៀត ដើម្បីផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ តំបន់ និងពិភពលោក៕

pvk

Leave a Reply

Your email address will not be published. Required fields are marked *