ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះត្រួតពិនិត្យ ការសាងសង់លូបង្ហូរទឹកថ្មី បន្ទាប់ពីលូចាស់ត្រូវរងការបាក់ស្រុត បណ្តាលឱ្យខូចខាតដល់សួនច្បារមាត់ទន្លេ ក្នុងក្រុងកំពង់ចាម

ខេត្តកំពង់ចាម ៖ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណអភិបាលខេត្តកំពង់ចាម អញ្ជើញ ចុះពិនិត្យការសាងសង់លូបង្ហូរទឹកថ្មី បន្ទាប់ពីលូចាស់ត្រូវរងការបាក់ស្រុត បណ្តាលឱ្យខូចខាតដល់សួនច្បារមាត់ទន្លេ ក្នុងក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើដល់អ្នកទទួលសាងសង់លូ ក៏ដូច ក្រុមបច្ចេកទេសមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ត្រូវគោរពតាមបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីធានាបាន នូវគុណភាពសំណង់រឹងមាំ និងចៀសវាងការបាក់ស្រុតឬហូរច្រោះ ដែលអាចបង្កការខូចខាតដល់សំណង់ថ្មីនេះ និងបង្ក គ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ។

តាមមន្ត្រីបច្ចេកទេស បានឱ្យដឹងថា ការសាងសង់លូថ្មីនេះ ត្រូវកាយជីកលូចាស់ឱ្យដល់បាត ដែលមានជម្រៅប្រមាណ  ជាង៤ម៉ែត្រ និងត្រូវបុកគ្រឹះការពារការបាក់ស្រុតបន្តទៀត។ ចំពោះ គុណភាពសំណង់ ក្រុមការងារត្រៀមធ្វើការចាក់បេតុង ក្រវាត់ប្រព័ន្ធលូថ្មីនិងចាក់បេតុងគ្របពីលើមួយជាន់ទៀត មានប្រវែង៨០ម៉ែត្រ ចាប់ពីមាត់អណ្តូងលូចាស់ ទៅដល់ច្រាំងទន្លេ។ លូថ្មីនេះ ត្រូវប្រើប្រាស់ប្រព័ន្ធលូមុខ៣ ដែលមុខកាត់លូនីមួយៗទំហំ០,៨ម៉ែត្រ និងសង់អណ្តូងលូបណ្តែតចំនួន២បន្ថែមទៀត ដើម្បីការពារការកកស្ទះផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ មានភ្លៀងធ្លាក់មួយមេធំ បណ្ដាលឱ្យហូរច្រោះបាក់លូ រំដោះទឹកចេញពីក្រុងកំពង់ចាម ដែលមានទំហំ៧ម៉ែត្រ គុណ ១០ម៉ែត្រ នៅចំណុចមាត់ទន្លេ ស្ថិតនៅក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម បណ្តាលឱ្យធ្លាក់ម៉ូតូ០១គ្រឿង (ម៉ាកវេវ)តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់ អាយុជីវិតមនុស្ស នោះឡើយ ៕

pvk

Leave a Reply

Your email address will not be published. Required fields are marked *