ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ចាត់ទុកសមិទ្ធផលជាច្រើនរបស់សមាគមសាសនាចក្រព្រះយេស៊ូគ្រិស្តនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជាប្រវត្តិសាស្ត្រលើទឹកដីខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ទុកសមិទ្ធផលនានា ដែលចំណាយថវិកាអស់ ប្រមាណជា៥០ម៉ឺនដុល្លារ ដើម្បីអភិវឌ្ឍលើវិស័យសុខាភិបាលក្នុងខេត្ត របស់សមាគមសាសនាចក្រព្រះយេស៊ូគ្រិស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ជាប្រវត្តិសាស្ត្រលើទឹកដីខេត្តកំពង់ចាម ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូជាមួយ សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រិស្តនៃពួកបរិសុទ្ធថ្ងៃចុងក្រោយប្រចាំកម្ពុជា ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពនៃការ ចូលរួមអភិវឌ្ឍវិស័យសុខាភិបាល នៅក្នុងខេត្តកំពង់ចាម និងទិសដៅសម្រាប់អនុវត្តបន្ត ដែលកិច្ចប្រជុំនេះ មានការចូលរួម ពីប្រធានមន្ទីរសុខាភិបាលខេត្ត និងប្រធានមន្ទីរធម្មការនិងសាសនា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។ 

បើតាមលោកស្រី សុភ័ក្រ្ត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងថា សមាគមសាសនាចក្រ ព្រះយេស៊ូគ្រិស្តនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានចូលរួមជួយអភិវឌ្ឍន៍លើវិស័យសុខាភិបាលក្នុងខេត្តកំពង់ចាមកន្លងមក ក្នុងនោះមាន៦ស្រុក ដូចជា ស្រុកកំពង់សៀម ចំការលើ ស្ទឹងត្រង់ ព្រៃឈរ បាធាយ និងស្រុកកោះសូទិន ។

លោកប្រធានមន្ទីរធម្មការ និងសាសនា បានបញ្ជាក់ថា ការជួយរបស់សមាគមសាសនាចក្រ មានដូចជា ការបំពាក់សម្ភារ បរិក្ខាពេទ្យ ជួយជួសជុលអគារ និងជួយបណ្ដុះបណ្ដាលជំនាញដល់ក្រុមគ្រូពេទ្យជាដើម ដែលគិតពីចុងឆ្នាំ២០១៩ មកដល់ចុងឆ្នាំ២០២០នេះ សមាគមបានចំណាយថវិកាអស់ប្រមាណជា៥០ ម៉ឺនដុល្លារ។ 

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា សមិទ្ធផលនានា ដែលសមាគមសាសនាចក្រ បានចូលរួមអភិវឌ្ឍន៍កន្លងមក ដូចជាការជួសជុលអគារចាស់ និងការកសាងថ្មី រួមនិងការទំនុកបម្រុងផ្នែកសម្ភារបរិក្ខាពេទ្យ ជាដើម ។ ជាពិសេសគឺការកសាងសមិទ្ធផលនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ ដែលសមិទ្ធផលមួយនេះត្រូវបាន ចាត់ទុក ជាស្នាដៃជាប្រវត្តិសាស្ត្រ សម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកស្ទឹងត្រង់ ។ 

ឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តថា ក្រៅពីការជួយកសាងអគារ ក៏ដូចជាការទំនុកបម្រុងផ្នែកបរិក្ខាពេទ្យ ខាងសាសនាចក្រ បានជួយបណ្ដុះបណ្ដាលឱ្យក្រុមគ្រូពេទ្យ ចេះប្រើលើឧបករណ៍ជំនាញទំនើបៗ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋផ្នែក សុខាភិបាលនេះ ។ 

ជាមួយគ្នានោះដែរ ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម អ៊ុន ចាន់ដា បានសម្ដែងមោទនភាព ចំពោះកិច្ចសហការដ៏ល្អនៃ សមាគមសាសនាចក្រព្រះយេស៊ូគ្រិស្តនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានជួយលើកកម្ពស់លើវិស័យសុខាភិបាល ក្នុងខេត្តកំពង់ចាម នាពេលកន្លងមក ដើម្បីជាប្រយោជន៍សុខុមាលភាពរបស់ប្រជាពលរដ្ឋ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button