ព័ត៌មានជាតិ

ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ អំពាវនាវពលរដ្ឋមានស្មារតីទទួលខុសត្រូវ ក្នុងការទុកដាក់សំរាម កុំបោះចោលតាមទីសាធារណៈ

ខេត្តព្រះវិហារៈ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវមានស្មារតីទទួលខុសត្រូវក្នុងការ វេចខ្ចប់ សំរាមរបស់ខ្លួន ទុកដាក់ឱ្យបានត្រឹមត្រូវ ចៀសវាងយកទៅបោះចោល តាមទីសាធារណៈផ្សេងៗ ខណៈដែលគំនរសំរាមជាច្រើនកន្លែងនៅចំណុចស្ពានដងស្ទឹងស្រអែម ស្ថិតក្នុង ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ ត្រូវបានក្រុមការងារថែទាំផ្លូវថ្នល់ របស់មន្ទីរធ្វើការសម្អាតរួចរាល់។
លោក សំ លាងទ្រី បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះថា ការចោលសំរាមនៅតាមទីសាធារណៈផ្សេងៗ ក្រៅពីធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ គឺធ្វើឱ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ ជាងនេះទៅទៀតធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ ក៏ដូចជាសុខភាពប្រជាពលរដ្ឋ ដែលរស់នៅក្បែរគំនរ សំរាមនោះផងដែរ ហើយម្យាងវិញទៀតផ្លូវគឹជាផ្លូវដែលភ្ញៀវទេសចរត្រូវធ្វើដំណើរឆ្លងកាត់មកទស្សនារមណីដ្ឋានប្រវត្តិសាស្រ្ត ប្រាសាទព្រះវិហារផងដែរ។
ក្នុងស្មារតីចូលរួមសម្អាតអនាមយ័ និងបរិស្ថាន ដែលជាភារកិច្ចស្នូល របស់ប្រជាពលរដ្ឋគ្រប់ៗគ្នានោះ ក្រុមការងារថែទាំជួសជុលផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលមានភារកិច្ចចម្បង គឺធ្វើការជួសជុលថែទាំផ្លូវនោះ បានស្ម័គ្រចិត្តធ្វើការបោសសម្អាតសំរាម ដែលប្រជាពលរដ្ឋយកទៅបោះចោល អស់រយៈពេលយ៉ាងយូរ នៅចំណុចស្ពានដងស្ទឹងស្រអែមបានយ៉ាងស្អាត ធ្វើឲ្យបរិស្ថាននៅចំណុចនោះ មានភាពល្អប្រសើរឡើងវិញ។
លោក សំ លាងទ្រី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ធ្វើការវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពោលគឺកុំបន្តយកសំរាមទៅបោះចោលផ្តេសផ្តាស់ តាមទីសាធារណៈ ផ្សេងៗ ហើយលោកសង្ឃឹមថា ក្រោយពីក្រុមការងារបានបោសសម្អាតសំរាម នៅចំណុចស្ពានដងស្ទឹងស្រអែមនេះរួច សូមប្រជាពលរដ្ឋ ឈប់យកសំរាមទៅបោះចោល នៅទីនោះម្តងទៀត។
លោក សំ លាងទ្រី ក៏បានថ្លែងនូវការអរគុណដល់ក្រុមការងារថែទាំ និងជួសជុលផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ប្រចាំផ្លូវជាតិលេខ៦២ ដែលបានរួមគ្នាសម្អាតសំរាម នៅចំណុចខាងលើបានយ៉ាងស្អាត ជូនប្រជាពលរដ្ឋផងដែរ៕

pvk

Leave a Reply

Your email address will not be published. Required fields are marked *