ព័ត៌មានជាតិ

វឌ្ឍនភាពនៃការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម និងកែច្នៃកសិផលស​ម្រា​​​ប់នាំចេញរបស់ក្រុម Greenri​c​h​ Group Co., Ltd

ខេត្តកោះកុង ៖ ថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០  ឯកឧត្ត​ម​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត​កោះ​កុង ឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋ​បា​​​លព្រៃឈើ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការីបានអ​ញ្ជើ​​​ញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម និងកែច្នៃកសិផលសម្រាប់នាំចេញរបស់ក្រុម G​r​e​enrich group Co., Ltd លើដីសម្បទានសេដ្ឋកិច្ចចំនួន ៦០.២០០ហិកតា ក្នុងឆ្នាំ១៩៩៨ ដែលមានទីតាំងស្ថិតនៅតំបន់ទ្រ​នា​ប់​ឧ​ទ្យានជាតិបុទុមសាគរ ក្នុងស្រុកកោះកុង ខេត្តកោះកុង។

លោក រតនា តំណាងឱ្យក្រុមហ៊ុន បានរាយបាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូជ្រាបថា ក្រុមហ៊ុន Greenrich gro​u​p ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ASIA PULP & PAPER (APP) ដែលជាក្រុមហ៊ុនផលិតក្រដាសលំដាប់លេខ១ នៅអាស៊ី ក្នុ​ង​ចំណោម ១០ក្រុមហ៊ុន ដែលផលិតក្រដាសធំជាងគេលើពិភពលោក។ ក្រុមហ៊ុននេះបានចាប់ផ្តើមអនុវត្តន៍គម្រោងអភិ​វ​ឌ្ឍ​ន៍​​​​​​​ឧស្សាហកម្មឈើដាំ លើដីសម្បទានសេដ្ឋកិច្ចចំនួន ១០.០៧៧ហិកតា ក្នុងស្រុកត្រពាំងរូង ខេត្តកោះកុង ក្នុងឆន្ទ:គឺ “ដាំដើ​ម​ឈើ​ផ្តល់ប្រយោជន៍ដល់បរិស្ថាន ផលិតក្រដាសផ្តល់ប្រយោជន៍ដល់មនុស្សលោក” ។ គិតចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៥ ធ្វើការដាំដុះ​បាន ៥.៨៧៧ហិកតា ទទួលបានទិន្នផល ១៣៨តោនក្នុង១ហិកតា សរុបរួមបរិមាណឈើ ៨០ម៉ឺនតោន។

កន្លងមកក្រុមហ៊ុន បាននាំចេញចំណិតឈើសរុបជាង ១១ម៉ឺនតោន (ឈើរបស់ក្រុមហ៊ុន និងឈើប្រមូលទិញពីចម្ការឯកជន)។ ក្នុ​ង​​​​​​អំឡុងប្រតិបត្តិការ ក្រុមហ៊ុនត្រូវការពលកម្មចំនួន ២.៥០០នាក់។ ក្រុមហ៊ុនបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀ​ន​ និងប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់បុគ្គលិក កម្មករ ក្នុងក្រុមហ៊ុនទាំងមូល។

ក្រៅពីសមិទ្ធផលដែលសម្រេចបាន ក្រុមហ៊ុនកំពុងប្រឈមបញ្ហាមួយចំនួន ដូចជា ការកាប់ទន្ទ្រានដីយកជាកម្មសិទ្ធិ និងការធ្វើផ្លូវ​កាត់ដីក្រុមហ៊ុន។ ទិសដៅអនាគត ក្រុមហ៊ុននឹងធ្វើការសហការជាមួយក្រសួងបរិស្ថានដើម្បីធ្វើការវាយតម្លៃផលប៉ះពាល់បរិ​ស្ថា​ន និងសង្គមពេញលេញ ស​ហ​កា​រជាមួយអាជ្ញាធរខេត្តដើម្បីធ្វើការចុះបញ្ជីដីរដ្ឋ ចាប់ផ្តើមប្រមូលផលឈើ និងដាំដុះឡើងវិញ ដើ​​​​​ម្បីផ្តល់ប្រយោជន៍សម្រាប់សង្គម បរិស្ថាន និងសេដ្ឋកិច្ច និងជាពិសេស សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេ​សា​ទ​ ក្នុងការរៀបចំផែនការដាំឈើក្នុងឆ្នាំ២០២០នេះ។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវអភិបាលខេត្ត បានធ្វើការសំណេះសំណាលជាមួយកម្មករចំនួន ១០០នាក់ ដោ​យបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនកម្មករ និ​ង​បានជូនពរឱ្យបងប្អូនប្រជាពល​រ​ដ្ឋគ្រប់ៗក្រុមគ្រួសារ ដែលបម្រើការឱ្យក្រុមហ៊ុន និងនៅក្នុងស្រុកបុទុមសាគរ ឱ្យ​ជួប​តែ​សេ​ច​ក្តី​​​​​​សុខ សេចក្តីចម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និ​ង​មានសុខភាពល្អ ចៀសឱ្យឆ្ងាយពីជំងឺឆ្លងសកលកូវីដ-១៩ គ្រប់ៗគ្នា។

ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានរួមមាន ការដាំ និងប្រមូលផលក្នុងក្រុមហ៊ុន និ​​​ងពីដៃគូដាំ និងជាពិសេសបាននាំចេញចំណិតឈើ។ ដើមឈើអាកាស្យាមានការលូតលាស់ធំៗល្អ និងផ្តល់ផលជាបណ្តើរៗស​ម្រា​ប់​សេដ្ឋកិច្ច ហើយនេះគឺជាឆន្ទ:របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងក្នុងការដាំឈើឧស្សាហកម្មប្រយោជន៍បង្កើតគម្របព្រៃឈើ រ​ក្សាលំនឹងបរិស្ថាន ទ្រទ្រង់កំណើនសេដ្ឋកិច្ច សង្គម តាមរយ:ធ្វើការផ្គត់ផ្គង់ឈើស្រស់ជាវត្ថុធាតុដើមឱ្យទៅរោងចក្រកែច្នៃគ្រឿ​ង​សង្ហារឹម និងវិស័យសំណង់។

ឯកឧត្តមរដ្ឋមន្រ្តី បានសំណូមពរ និងស្នើឱ្យក្រុមហ៊ុនយកចិត្តទុកដាក់អំពីសុខភាព ជីវភាពប្រចាំថ្ងៃ និងចំណូលគ្រួសាររបស់ក​ម្ម​ករ ដោយបង្កើតរបរកសិកម្មបន្ថែម ដូចជា ចិញ្ចឹមសត្វ និងដាំបន្លែដើម្បីផ្គត់ផ្គង់ជីវភាព។ ក្រុមហ៊ុនត្រូវសហការឱ្យបានពេ​ញ​លេ​ញជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានដើម្បីការពារដីព្រៃ និងទប់ស្កាត់ការរំលោភយកដីធ្វើជាក​ម្ម​សិទ្ធិ ៕

 

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button