----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ប្រជាពលរដ្ឋធ្វើការតវ៉ាមុខអង្គការសម្ពន្ធ័មិត្តសត្វព្រៃក្រោយពីអង្គការបានកាប់បំផ្លាញដំណាំពួកគាត់
Fri,09 November 2018 (Time 09:06 PM)
ដោយ ជី ពេជ្រ (ចំនួនអ្នកអាន: 109នាក់)


កោះកុង ៖ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បានធ្វើការ​តវ៉ា​ខាងមុខ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ​ ដែល​ស្ថិតនៅ​ភូមិ​ត្រពាំង​រូង​ ឃុំត្រពាំង​រូង ស្រុកកោះ​កុង​ ខេត្ត​កោះកុង សុំ​ឲ្យ​អង្គការ​ធ្វើការ​បកស្រាយ​ចំពោះមូល​ហេតុ​ ដែល​ខាងអង្គការ​បានធ្វើការ​កាប់បំផ្លាញ​ដំណាំ​ពួកគាត់​ ហើយ​មិន​ទាន់បាន​ដោះស្រាយជូនពួកគាត់​ទៀតផង។

យោងតាមប្រភពពីពលរដ្ឋបានអោយដឹងថា កាលពីវេលាម៉ោង ២.៣០នាទីរសៀលនាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨​ មានអង្គ​ការសម្ព័ន្ធមិត្តសត្វព្រៃស្នាក់ការត្រពាំងរូងចំនួន៨នាក់ ដឹកនាំដោយជនបរទេស២នាក់ រួមទាំងកម្លាំង​មន្ត្រី​បរិស្ថាន​​ម្នាក់ផងដែរនោះ បានចុះមកធ្វើការកាប់បំផ្លាញដំណាំរបស់ឈ្មោះ យោង តាយ ភេទស្រី អាយុ៥៤ឆ្នាំ ដែល​មាន​ទី​​លំនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ ប្រភពដដែលបានបន្តថា ចំពោះ​ដំណាំ​ដែល​ខាង​អង្គការ​​សម្ព័ន្ធមិត្តសត្វព្រៃ ធ្វើការកាប់បំផ្លាញនោះរួម​មាន ដើមធុរ៉េន ចំនួន២៥ដើម ដើមដូងចំនួន២០ដើម ដើម​ភ្ញៀវ​ចំនួន៦ដើម ដើមចេកចំនួន៥ដើម ដើមម្ឃុតចំនួន៥ដើម និងដើមស្វាយចំនួន១៥០ដើម។ ចំពោះដីចំការរបស់ឈ្មោះ យោង តាយ នេះគឺមានការចុះវាស់វែងរួ​ចហើយពីសំ​ណាក់​ក្រុមនិស្សិត តែនៅពុំទាន់បានប្លង់កម្មសិទ្ធិ កាន់កាប់​នៅ​ឡើយ​ទេ។

បើតាម​សមត្ថកិច្ច​ស្រុកកោះកុង បាន​ប្រាប់​ឲ្យដឹងថា ចំពោះការចុះកាប់បំផ្លាញដំណាំរបស់ប្រជាពលរដ្ឋនេះ គឺខាង​អង្គការ​​សម្ព័ន្ធមិត្តសត្វព្រៃ មិនបានរាយការណ៍ ឬសុំការសហការជាមួយកម្លាំងអាជ្ញាធរដែនដីនិងកម្លាំងប្រដាប់ អាវុធ​ក្នុង​មូលដ្ឋាននោះទេ ដោយខាងអង្គការចុះទៅធ្វើតែឯងប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក្តី កម្លាំងនគរបាលនៃ​អធិការដ្ឋាន​នគរបាល​ស្រុកកោះកុង បានបញ្ចុះកម្លាំងត្រៀមអន្តរាគមន៍ បង្ការ មិនអោយប្រជាពលរដ្ឋ​ប្រព្រឹត្តអំពើហឹង្សាណាមួយ ដែល​នាំអោយប៉ះពាល់ទៅដល់សណ្តាប់ធ្នាប់សង្គមធ្ងន់ធ្ងរ ព្រមទាំង​បានពន្យល់ពួកគាត់​ឲ្យ​ពិភាក្សា​ដោយ​សន្តិវិធី​វិញ​៕

 


ព័ត៌មានគួរចាប់អារម្មណ៍