----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
​លោក​ យី​ ថុល​ មេគយច្រក​ទ្វារអន្តរជាតិ​ព្រែកចាក​ល្បីខាងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងក្រោយបានចូលកាន់តំណែង
Mon,11 March 2019 (Time 08:08 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 9នាក់)


ប្រភពពី​មន្ត្រី​នៅ​ច្រក ទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ឲ្យ​ដឹងថា លោក យី ថុល ដែល​មក កាន់ ​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក កាលពីពេល​ថ្មីៗ​នេះ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក យី ថុល បាន​យក​បទពិសោធន៍​នៃ​អំពើពុករលួយ​កាល​ធ្វើជា​មេ​គយ​នៅ​ច្រក​៤០០ ស្រុក​សំឡូត ខេត្តបាត់ដំបង មក​អនុវត្តន៍​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត យ៉ាង​គឃ្លើន​បំផុត​។ បើតាម​ការអះអាង​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​រកស៊ី​នាំចូល​ទំនិញ​តិចតួច​ពី​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក យី ថុល មេ​គយ​ច្រក​ព្រែក​ចាក និង​បក្ខពួក​ឈ្មោះ រស់ សាត ព្រមទាំង​បរិវារ​២​នាក់​ទៀត​កំពុង​គាប​យកលុយ​ពី​ពួកគាត់​យ៉ាង​កំរោល​។ ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​បាន​បញ្ជាក់ថា មុខរបរ​របស់​ពួកគាត់​សព្វថ្ងៃនេះ​ស្ទើរតែ​គ្មាន​សល់​កម្រៃ​សម្រាប់​ទិញ​អង្ករ​ច្រក​ឆ្នាំង ព្រោះ​លោក យី ថុល គាប​យកលុយ​លើ​តុ​ក្រោម​តុ​ច្រើនពេក​។ ដូច្នេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម ជា​មេ​គយ​ធំៗ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក យី ថុល និង​បក្ខពួក​ជាបន្ទាន់​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​

រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក យី ថុល ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត ត្រូវបាន​ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​នេះ​បើក​កកាយ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក យី ថុល នៅឡើយ​ទេ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​លោក យី ថុល នៅតែ​បន្ត​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។

​ ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកំពត មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក យី ថុល កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដោយ​ពុំមាន​ការយោគយល់​ឡើយ​។ ផ្ទុយទៅវិញ​លោក យី ថុល បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​ក្នុង​មួយខែៗ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​។ សូម្បីតែ​ទឹក​ស៊ុប​ក៏​លោក យី ថុល ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ដោយ​មិន​គិតពី​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​នោះទេ គឺ​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យី ថុល មេ​គយ​ច្រក​ព្រែក​ចាក បាន​ឲ្យ​ដឹងថា​លោក យី ថុល អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហេង សំបូរ ដែលជា​មេ​គយ​ខេត្តកំពត ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហេង សំបូរ ទេនោះ​គឺ​លោក យី ថុល និង​បក្ខពួក​បរិវារ​មិន​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃ​នេះឡើយ​។ 
 


ព័ត៌មានគួរចាប់អារម្មណ៍