----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
​មេឈ្មួញ​ឈ្មោះ​ ចែ ស្រី ម្ចាស់​ឃ្លាំងស្តុ​កឈើដ៏ធំ​នៅក្នុងខណ្ឌ​សែនសុខ​ ​សំអាងលិខិតអនុញ្ញាត​មួយ​សន្លឹក​ ​អាច​ដឹកជញ្ជូន​ឈើ​បានជា​ច្រើន​ជើង ព្រោះ​​មាន​ខ្នងបង្អែក​រឹងមាំ សមត្ថកិ​ច្ចពាក់​ព័ន្ធមិនហ៊ា​នប៉ះ​ពាល់​
Mon,11 March 2019 (Time 08:08 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 8នាក់)


រាជធានីភ្នំពេញ ៖ ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ចែ​ស្រី បាន​បង្ហើប​ឲ្យ​ដឹងថា បើទោះបី​ឈ្មួញ​ម្នាក់នេះ​អះអាងថា ឈើ​របស់ខ្លួន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ក៏ដោយ ប៉ុន្តែ​ជួន​ការ​លិខិតអនុញ្ញាត​មួយ​សន្លឹក​គេ​អាច​ដឹកជញ្ជូន​ឈើ​បានជា​ច្រើន​ជើង ព្រោះ​ឈ្មួញ​មាន​ខ្នងបង្អែក​រឹងមាំ​។ ជុំវិញ​បញ្ហា​នេះ​មជ្ឈដ្ឋាន​នានា​សង្ឃឹមថា លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏ដូចជា​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម ចាត់វិធានការ​ត្រួតពិនិត្យ​ក្នុងពេល​ឆាប់ៗ​នេះ បើទោះបី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​រាជធានី​ភ្នំពេញ រក្សា​ភាព​ស្ងៀមស្ងាត់​ក៏ដោយ​។ បើតាម​ប្រភព​ខ្លះ​បង្ហើប​ឲ្យ​ដឹងថា ខ្នងបង្អែក​របស់​ឈ្មួញ​ឈ្មោះ ចែ​ស្រី មិនធម្មតា​ទេ​ព្រោះ​យូរ​ឆ្នាំ​មកហើយ​ដែល​ឃ្លាំង​ស្តុក​ឈើ​របស់​ឈ្មួញ​ម្នាក់នេះ​នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មិន​ដែលមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ទៅ​ក្បែរ​ឡើយ​។ ផ្ទុយទៅវិញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ឈ្មួញ​ឈ្មោះ ចែ​ស្រី ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​នានា​មក​ស្តុក​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយ​នេះ ហើយ​លើកដាក់​រថយន្ត​កុងតឺន័រ​ដឹកជញ្ជូន​ចេញ​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​មួយ​របស់​ឈ្មួញ​ឈ្មោះ ចែ​ស្រី ហើយ​មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចុះមក​ពិនិត្យ​ទាល់តែសោះ បើទោះបី​ក្នុង​ឃ្លាំង​នោះ​មាន​ស្តុក​ឈើ​រាប់រយ​ម៉ែត្រគូប​ក៏ដោយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​មួយចំនួន​បាន​ដឹកឈើ​តាម​រថយន្ត​ធំៗ​មក​លើក​ចុះ​នៅក្នុង​ឃ្លាំង​របស់​ឈ្មួញ​ឈ្មោះ ចែ​ស្រី ហើយ​នៅពេល​ទៀបភ្លឺ​មាន​រថយន្ត​កុងតឺន័រ​ដឹកឈើ​ចេញពី​ឃ្លាំង​នោះ​យ៉ាង​រលូន​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក កែវ អូ​ម៉ា​លិ​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម ពិន​ត្យ​ឡើងវិញ​ជាបន្ទាន់​អំពី​បញ្ហា​នេះ​។

​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមីនា កន្លងទៅ​ថ្មីៗ​នេះ​ឈ្មួញ​ឈ្មោះ ចែ​ស្រី បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ឈើ​របស់ខ្លួន​គឺជា​ឈើ​ដែលមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​និង​ជា​ឈើ​ដែល​ដេញថ្លៃ​បាន​ពី​រដ្ឋបាល​ព្រៃឈើ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​។ ក៏ប៉ុន្តែ​ឈ្មួញ​ឈ្មោះ ចែ​ស្រី មិនបាន​បង្ហាញ​ច្បាប់​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​បានឃើញ​នោះទេ គឺ​មានការ​លាក់បាំង​ជុំវិញ​បញ្ហា​នេះ​ព្រោះ​នរណា​ក៏​ដឹង​ដែរ​ថា​ឈ្មួញ​ឈ្មោះ ចែ​ស្រី មាន​ខ្នងបង្អែក​រឹងមាំ​ជា​យូរ​មកហើយ​។ ជាក់ស្ដែង​ឈ្មួញ​ឈ្មោះ ចែ​ស្រី មាន​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក៏ប៉ុន្តែ​មិនដែល​ឃើញ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ចុះទៅ​ត្រួតពិនិត្យ​ដល់​ឃ្លាំង​ស្តុក​ឈើ​របស់​ឈ្មួញ​ម្នាក់​នោះ​ទាល់តែសោះ​។ 


ព័ត៌មានគួរចាប់អារម្មណ៍