----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
លោក ​ប៉ាន់ ​មរកតប្រធា​នមន្ទីរបរិ​ស្ថានខេត្តពោធិ៍​សាត់និ​ងមន្ត្រីបរិស្ថា​នខេត្ត​ប្រើប្រាស់អំណាចរបស់ខ្លួននៅពី​ក្រោយបទ​ល្មើសបំផ្លាញ​ព្រៃឈើ ដោយបណ្តោយក្រុម​ឈ្មួញ​ធំៗបំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ តាមអំពើចិត្ត
Thu,11 April 2019 (Time 08:22 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 52នាក់)


​ខេត្តពោធិ៍សាត់ ៖ តាមប្រភពពីមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ បាន​កត់សម្គាល់ថា កម្លាំង​អាវុធហត្ថ​ខេត្តពោធិ៍សាត់ និង​កម្លាំង​អាវុធហត្ថ​ស្រុក​ភ្នំក្រវាញ ក៏ដូចជា​កម្លាំង​អាវុធហត្ថ​ស្រុក​វាលវែង សហការគ្នា​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ច្រើន​ករណី​មកហើយ ​។ ក៏ប៉ុន្តែ​សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​តែ​ឈ្មួញ​តូចតាច ឬ​ទីតាំង​អារច្រៀក​ឈើ​របស់​ឈ្មួញ​តូចតាច​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ធំៗ​ដូចជា មេ​ឈ្មួញ តាំង អៀង មេ​ឈ្មួញ ណុប ឌី ហៅ​ឆើត មេ​ឈ្មួញ ង៉ោ ម៉ៅ ហៅ​ឆាង​ម៉ៅ និង​មេ​ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ​តា​ហយ នៅតែ​អាច​ជៀស​ផុតពី​ការបង្ក្រាប​ដដែល ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ធំៗ​ទាំងនោះ​បាន​ឲ្យ​ដឹងថាទាល់តែ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ទើប​ពួកគេ​អាច​គេច​ផុតពី​ការបង្ក្រាប​ជា​រៀងរហូត។
 
បើតាម​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​ភ្នំក្រវាញ ក៏ដូចជា​ក្នុងស្រុក​វាលវែង កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ព្រោះ​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ ជាក់ស្ដែង​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ កំពុង​រង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​នេះ​។ ការដែល​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ប៉ាន់ មរកត ដែលជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។
 
កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៩ កម្លាំង​អាវុធហត្ថ​ខេត្តពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ភ្នំក្រវាញ បាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្បែរៗ​ផ្លូវថ្នល់​គម្រោង​អភិវឌ្ឍន៍​ស្ទឹង​ពោធិ៍សាត់​លេខ​៣ ក្នុងភូមិ​វាល ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ហើយ​ជា​តំបន់​ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន​។ នៅក្នុង​ប្រតិបត្តិការ​នោះ​កម្លាំង​អាវុធហត្ថ​បាន​រកឃើញ​ឈើ​អារ​រួច​ប្រភេទ​លេខ​២ និង​ប្រភេទ​លេខ​៣ ជាច្រើន​ម៉ែត្រគូប​ផងដែរ ប៉ុន្តែ​សមត្ថកិច្ច​មិនបាន​ឃាត់ខ្លួន​ឈ្មួញ​ម្ចាស់​ឈើ​ឡើយ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​កន្លែង​ដែល​សមត្ថកិច្ច​អាវុធហត្ថ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន ស្នាក់ការ​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​រិះគន់ថា មន្ត្រី​បរិស្ថាន​ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​ពេញបន្ទុក​។


ព័ត៌មានគួរចាប់អារម្មណ៍