----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន
Fri,12 April 2019 (Time 09:56 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 40នាក់)


ខេត្តស្ទឹងត្រែង​​ ៖ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ទាំងនោះ​ត្រូវបាន​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ កាប់​នៅ​ខាងក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ហើយ​ដឹកជញ្ជូន​ចូលក្នុង​បរិវេណ​បាត​អាង​ដើម្បី​ឲ្យ​ក្លាយទៅជា​ឈើ​ស្របច្បាប់​យ៉ាង​ស្រួលៗ​។ ការដែល​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺមាន​ការឃុបឃិត​ពី​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ហើយ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ចៀស​មិន​ផុតពី​វិនាស​សាបសូន្យ​ដោយសារ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នាពេល​ឆាប់ៗ​ខាងមុខ​នោះឡើយ​។
 
មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ការស្ថាបនា​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ គឺជា​ឱកាស​ដែល​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ និង​បក្ខពួក​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង យ៉ាង​ពេញបន្ទុក​តែម្តង​។ ជាក់ស្ដែង​ទោះបី​នៅក្នុង​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​បន្តទៀត​ក៏ដោយ ក៏​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នៅសល់​ឈើ​រាប់ពាន់​រាប់ម៉ឺន​ម៉ែត្រគូប​ក្នុង​ឃ្លាំង​ដើម្បី​ត្រៀម​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​និង​ចេញ​ទៅតាម​បណ្ដា​ខេត្ត​មួយចំនួន​យ៉ាង​រលូន​។ សូម្បីតែ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុងខណៈដែល​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ កាប់​ឈើ​ក្នុងព្រៃ​ការពារ ព្រៃ​អភិរក្ស ព្រៃ​សហគមន៍​ក្នុងស្រុក​សេសា​ន និង​ស្រុក​សៀម​ប៉ាង ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។
 
សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅនេះ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ប្រភេទ​វ៉េ​អង​ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ រាប់សិប​គ្រឿង​ព្រោះ​ឈ្មួញ​រូបនេះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មួយផ្នែកធំ​នៃ​ឈើ​ដែល​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ដឹកជញ្ជូន​ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ គឺ​ដឹកចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​សុខ​ស្រួល​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​សេ​សាន និង​ស្រុក​សេ​សាន បាន​អំពាវនាវ​យ៉ាងទទូច​ដល់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល គួរ​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ជាបន្ទាន់​ព្រោះ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ​ដ៏​មានអំណាច​ម្នាក់នេះ​ទេ​៕


ព័ត៌មានគួរចាប់អារម្មណ៍