----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បានត្រឹមតែ​ធ្វើ​ឲ្យ​ល្អមើល ក្នុងពេលដែលសិប្បកម្ម​កែច្នៃ​ឈើ​ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​កើតឡើង​យ៉ាង​រាលដាល ហើយ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​យ៉ាង​រលូន​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ
Fri,12 April 2019 (Time 10:13 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 2216នាក់)


ខេត្តស្ទឹងត្រែង ៖​ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​សិប្បកម្ម​កែច្នៃ​ឈើ​ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​កើតឡើង​យ៉ាង​រាលដាល ហើយ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញ​យ៉ាង​រលូន​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ទើបតែ​កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅនេះសមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទីតាំង​កែច្នៃ​ឈើ​ខុសច្បាប់​២​កន្លែង​នៅក្នុង​ភូមិ​វាល​ដេញ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ហើយ​រឹបអូស​ឈើ​បាន​ប្រមាណ​ជាង​១០​ម៉ែត្រគូប​ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​។ ក៏ប៉ុន្តែ​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល សកម្មជន​ព្រៃឈើ​និង​ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​ចម្រុះ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ ព្រោះ​ឈ្មួញ​ម្ចាស់​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​នៅតែ​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​គឃ្លើន ហើយ​បន្ត​ប្រព្រឹត្ត​បទល្មើស​ឡើងវិញ​នាពេល​ឆាប់ៗ​ខាងមុខ​ជាមិនខាន​។
 
សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ទាំង​២​កន្លែង​នោះ​កន្លងមក​បាន​បំពាន​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ព្រៃ​អភិរក្ស ហើយ​ដឹកជញ្ជូន​ចូលមក​អារច្រៀក​យ៉ាង​រលូន​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ផ្ទុយទៅវិញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​គ្មាន​ញញើត​អ្វី​ឡើយ​។ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង ក៏ដូចជា​លោក អន ចាន់​សុជាតិ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ស្ដីទី​ខេត្តស្ទឹងត្រែង ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់ថា​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះទេ​។
 
មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​កត់សម្គាល់ថា ករណី​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​២​កន្លែង​ក្នុងភូមិ​វាល​ដេញ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៩ គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​។ ដោយហេតុថា នៅក្នុង​ការបង្ក្រាប​ទីតាំង​កែច្នៃ​ឈើ​ខុសច្បាប់​ទាំង​២​កន្លែង គឺ​សមត្ថកិច្ច​ចម្រុះ​មិនបាន​ឃាត់ខ្លួន​ជនណាម្នាក់​ដែលជា​ម្ចាស់​ទីតាំង​ដើម្បី​ចាត់វិធានការ​តាមច្បាប់​នោះទេ គឺ​បានត្រឹមតែ​រឹបអូស​ឈើ​ប្រភេទ​អន់ៗ​ប្រមាណ​ជាង​១០​ម៉ែត្រគូប​ប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​អន្លង់​ជ្រៃ មួយចំនួន​បានលើកឡើង​ថា ប្រហែល​ម្ចាស់​ទីតាំង​កែច្នៃ​ឈើ​ខុសច្បាប់​ទាំង​២​កន្លែង​នោះ មិន​បង់លុយ​ប្រចាំខែ​តាម​ការកំណត់​របស់​ម​ន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើបត្រូវ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​យក​ស្នាដៃ​តែម្តង​។ ចំណែក​ម្ចាស់​ទីតាំង​កែច្នៃ​ឈើ​ខុសច្បាប់​ច្រើន​កន្លែង​ទៀត​ប្រហែល​បង់លុយ​តាម​កំណត់​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប​យ៉ាង​ក្រអឺតក្រទម ហើយ​បន្តធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ក្នុងខណៈដែល​ព្រៃឈើ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​៕


ព័ត៌មានគួរចាប់អារម្មណ៍