----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
លោក ងួន កុសល ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ ប៉ោយប៉ែត ទំនង ជា​លោក ងួន កុសល ចំណាយ​ដើមទុន​យ៉ាង ច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា ​មេ​គយ​ច្រក​ប៉ោយប៉ែត ទើប​ខំ ប្រឹង​ស្រង់ដើមតាមរូបភាពពុករលួយ
Tue,23 April 2019 (Time 09:35 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 431នាក់)


ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ងួន កុសល  ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ ប៉ោយប៉ែត បាន​លើក ឡើងថា ទំនង ជា​លោក ងួន កុសល ចំណាយ​ដើមទុន​យ៉ាង ច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា ​មេ​គយ​ច្រក​ប៉ោយប៉ែត  ទើប​ខំ ប្រឹង​ស្រង់ដើម​​។ ប្រភព​បានបញ្ជាក់​ទៀតថា ប្រសិនបើ​មិន​ចំណាយ​ដើមទុន​ច្រើន​ទេនោះ គឺ​លោក ងួន កុសល មិនអាច​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ស្រួលៗ​បែបនេះ​ទេ​។ ដូ​ច្ន​ហើយ​ទើប​ត្រឹម​មួយរយៈ​ពេល​ខ្លី​សោះ​លោក ងួន កុសល សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​លោក ហ៊ុយ សុជាតិ អតីត​ប្រធានការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត ទៅទៀត​។
 
ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា គ្រាន់តែ​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ភ្លាម​គឺ​លោក ងួន កុសល ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ការដែល​លោក ងួន កុសល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ហើយក៏​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​មួយចំនួន​នៅក្នុង​ខេត្តបន្ទាយមានជ័យ ផងដែរ​។
 
​ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទំនិញដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រក​នេះ​បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​ឈ្មួញ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជាមួយ​លោក ងួន កុសល ប្រធានការិយាល័យ​គយ​ច្រក​ប៉ោយប៉ែត ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​កំពុង​ស្វែងរក​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ងួន កុសល ដើម្បី​ពួកគេ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រលូន​។ ជាពិសេស​ករណី​មន្ត្រី​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​បំបាត់​ចំណូល​ពន្ធ​រដ្ឋ គឺជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​គយ មិនគួរ​មើលរំលង​តទៅទៀត​នោះទេ​។
 
​ ​ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រភពពី​មន្ត្រី​គយ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ងួន កុសល កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ប្រើប្រាស់​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ធ្វើជា​បង្អែក​ទៀតផង​។ ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក ងួន កុសល ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក ហើយ​បែរជា​គាបសង្កត់​ឈ្មួញ​និង​អាជីវករ​តូចតាច ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​ប៉ោយប៉ែត ដោយ​គ្មាន​យោគយល់​ឡើយ​។


ព័ត៌មានគួរចាប់អារម្មណ៍