----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
លោក គុណ ញឹម មិនហ៊ានប៉ះពាល់លោក យូ ហេង ទេឬយ៉ាងណា បានជាបណ្តោយអោយមានការប្រព្រឹត្តអំពើពុក រលួយតាមច្រកព្រំដែនយ៉ាងដូចនេះ?
Sun,07 April 2019 (Time 09:47 PM)
ដោយ លោកជី ពេជ្រ (ចំនួនអ្នកអាន: 8នាក់)


ខេត្តបាត់ដំបង ៖ មេគយដ៏ល្បីឈ្មោះលោក យូ ហេង ទើបចូលកាន់តំណែងជាមេគយខេត្តបាត់ដំបង ដែលជាខេត្តច្រកសេដ្ឋកិច្ចដ៏ធំនោះបានប្រព្រឹត្តអំពើពុករលួយបើកដៃឲ្យឈឈ្មួឈនាំចូលទំនិញគេចពន្ធ ដោយមិនញញីតដល់មេគយធំលោក គុណ ញឹមនោះទេ។ កាលពីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ បើតាមប្រភពពីមន្ត្រីគយតូចតាចបានបង្ហើបឱ្យដឹងថា បន្ទាប់ពី លោក យូ ហេង បានចូលកាន់តំណែងជាប្រធានសាខាគយខេត្តបាត់ដំបង គឺចាយលុយមិនតិចទេ ដើម្បីផ្លាស់ចេញពីមេគយខេត្ត  ឧត្តរមានជ័យ ។ ទោះយ៉ាងណាមួយរយៈខ្លីនេះលោក យូ ហេង បានចាយលុយដើម្បីអភិវឌ្ឍន៍មុខតំណែង ពីមេគយខេត្តកំពង់ឆ្នាំង ប្តូរទៅមេគយខេត្តឧត្តរមានជ័យ ហើយបច្ចុប្បន្ននេះមកកាន់កាប់ខេត្តបាត់ដំបង ក៏ប៉ន្តែប្រភពមួយផ្សេងទៀតបានបង្ហើបថាលោក យូ ហេង មិនទាន់ស្កប់ចិត្តទេ ភ្នែកកំពុងសម្លឹងដោយស្រក់ទឹកមាត់ទៅកាន់ខេត្តបន្ទាយមានជ័យដែលជាខេត្តមានសក្តានុពលយ៉ាងខ្លាំង ដែលឈ្មួញនាំទំនិញចូលពីប្រទេសថៃមានចំនួនច្រើនគ្រប់រដូវ ហើយវាជាប្រភពសេដ្ឋកិច្ចដ៏សម្បូរបែបដែលលោក យូ ហេង ប៉ងចង់បានមិនទាន់បានសម្រេច។
ករណីនេះមានការលើកឡើងដែរថា ក្នុងតំណែងជាប្រធានសាខាគយ ខេត្តបាត់ដំបងលោក យូ ហេង កំពុងរៀបចំខ្សែបក្សពួកឱ្យកាន់ការងារ ហើយប្រើតិចនិកស្ទាប់ស្ទង់គោះទឹកបង្អើលត្រី ស្រឿសរសៃមេគយចល័តចំណុះសាខាគយខេត្តឱ្យរឹតបន្តឹងត្រួតពិនិត្យរថយន្តដឹកទំនិញឆ្លងកាត់ឃ្លាំងស្តុកទំនិញក្នុងខេត្ត ដើម្បីឱ្យអ្នករកស៊ីដឹកទំនិញ និងថៅកែទំនិញ រត់មករកលោកប្រធានសាខាគយ ខេត្តបាត់ដំបងថ្មី។ ករណីនេះត្រូវបានមន្ត្រីតូចតាច លាន់មាត់ថា លោក យូ ហេង មានការរឹតត្បិតប្រមូលលុយខ្មៅ ប្រព្រឹត្តអំពើពុករលួយ ស្រង់ដើម មិនបង្អង់ដៃឡើយ ទំនងចាយលុយច្រើនណាស់ ដើម្បីបានធ្វើជាមេគយខេត្តបាត់ដំបងនេះ។ ក្រៅពីនេះលោក យូ ហេង នឹងមិនឱ្យមេគយតាមច្រកអន្តរជាតិ និងច្រករបៀងរួចខ្លួនទេ គឺតម្រូវឱ្យសារេកញ្ចប់ប្រចាំខែ ជួយឧបត្ថមសាខា។ បើមិនដូច្នេះទេរាល់ទំនិញបង់ពន្ធមិនគ្រប់ ទំនិញជាប់អត្រាបង់ពន្ធខ្ពស់មកបង់ពន្ធទាប និងទំនិញខុសច្បាប់ នឹងត្រូវឃាត់ចាប់ដើម្បីធ្វើរបាយការណ៍មកអគ្គនាយកគយថាមានការឃុបឃិតបញ្ចេញពីច្រកដែលលោកប្រធានចង់បំបាក់នោះជាក់ជាមិនខាន។
បច្ចុប្បន្ននេះលោក យូ ហេង កំពុងរងនូវការរិះគន់ពីក្រុមឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ អំពីការចាត់ចែងឱ្យមន្ត្រីជាដៃជើងរបស់ខ្លួន ប្រមូលសេដ្ឋកិច្ច តាមរយៈកេណ្ឌក្រុមឈ្មួញដែលរកស៊ីបង់ពន្ធមិនគ្រប់ និងការនាំចូលទំនិញខុសច្បាប់ដើម្បីងាយស្រួល លោក យូ ហេង មានឱកាសប្រមូលលុយស្រង់ដើមឆាប់រួច និងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានដើម្បីយកមួយចំណែកទុកប្រើទប់មុខតំណែង និងអភិវឌ្ឍន៍មុខតំណែង ដែលលោក យូ ហេង ធ្លាប់ធ្វើពិធីនេះបានដោយជោគជ័យជាបន្តបន្ទាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តឧត្តរមានជ័យ និងរហូតខេត្តដល់បាត់ដំបងនេះ។ ផ្ទុយស្រឡះពីបណ្តាំថ្នាក់លើ លោក យូ ហេង មិនត្រឹមតែមិនទាន់ធ្វើ កំណែទម្រង់ភាពអសកម្ម និងអំពើពុករលួយ ក្នុងចំណោមមន្ត្រីគយប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអ្នករកស៊ីដឹកជញ្ជូនទំនិញក្តៅក្រហាយថែមទៀតផង ហើយគាត់ថែមទាំងរក្សាទុកមន្ត្រីដែលចេះប្រមូលលុយ និងចេះអែបអប ឱ្យកាន់ការងារសេដ្ឋកិច្ចថែមទៀត ។ ប្រភពមួយផ្សេងទៀតបានបង្ហើបឱ្យ ដឹងថា សកម្មភាពនាំចូលទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ កំពុងកើតឡើងខ្លាំងនៅចំណុចច្រកលេខ៤០០ នៃស្រុកសំឡូត និងច្រកអូររំដួល នៃស្រុកភ្នំព្រឹក ច្រកភ្នំដី ច្រកបឹងឆ្នាំងធ្វើឱ្យខាតបង់ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹកក្នុងមួយខែៗ។ ទំនិញដែលហូរចូល មកពីប្រទេសថៃ តាមច្រកព្រំដែន ខេត្តបាត់ដំបងរួមមាន គ្រឿងបន្លាស់រថយន្ត ម៉ូតូ សំបកកង់រថយន្ត និងទំនិញខុសច្បាប់ផ្សេងទៀត ភាគច្រើនបង់ពន្ធមិនគ្រប់។
អ្វីដែលមន្ត្រីបានបង្ហើបនោះគឺជា ល្បិចបន្លំពន្ធរបស់ជំនាញគយ គឺស៊ីដោយស្របច្បាប់ គ្រាន់តែលួចបន្លំបង្កាន់ដៃនាំចូល ពីប្រភេទទំនិញនាំចូល បង់ពន្ធខ្ពស់ មកបង់ពន្ធជាប្រភេទទំនិញចម្រុះ ហើយការបង់ពន្ធទំនិញចម្រុះនេះទៀត គឺបង់យ៉ាងច្រើនត្រឹមពាក់កណ្តាលប៉ុណ្ណោះ។ ជាធម្មតាទាំងច្រកតំបន់ ច្រកទ្វេភាគី និងច្រកអន្តរជាតិឈ្មួញអាច ដឹកទំនិញ ឆ្លងកាត់ច្រកព្រំដែន ចាប់ពីវេលាម៉ោង ៧ព្រឹក និងបញ្ឈប់ ម៉ោងរដ្ឋបាល ត្រឹមម៉ោង ៦ល្ងាច ។ ប៉ុន្តែមន្ត្រីគយពុករលួយ បានអនុញ្ញាតឱ្យរថយន្តធុនធំ ឆ្លងកាត់តាំងពីម៉ោង៣-៤ទៀបភ្លឺ មិនត្រឹមតែខុសច្បាប់រដ្ឋបាល ប៉ុណ្ណោះទេរាល់សកម្មភាពហូរចូលទំនិញបែបនេះ ត្រូវបានគេដាក់ភាពសង្ស័យថាជា ទំនិញគេចពន្ធឬទំនិញខុសច្បាប់ ដែលជាប្រប្រភចំណូលលុយខ្មៅរបស់មន្ត្រីគយប្រមូលច្រកហោប៉ៅ ករណីនេះគយច្រកទ្វារ គយសាខា គយចល័ត សុទ្ធតសុទ្ធតែបានសើមមាត់គ្រប់ៗគ្នា។
ចំពោះហេតុផលទាំងនេះសួរថា តើលោក គុណ ញឹម នឹងអង្គភាពអំពើពុករលួយ(ACU) មានចំណាត់ការដូចម្តេចចំពោះលោកមេគយដ៏ល្បីឈ្មោះលោក យូ ហេង នេះ?


ព័ត៌មានគួរចាប់អារម្មណ៍