----------- End Logo------------------->
គេហទំព័រសារព័រមាន សម្លេងខ្មែរអ្នកស្នេហាជាតិ
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសា​ខា​​​កាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដឹកនាំប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះ
Mon,30 September 2019 (Time 06:24 PM)
ដោយ សហការី (ចំនួនអ្នកអាន: 351នាក់)


ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសា​ខា​​​កាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដឹកនាំប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះចំនួន៣៣គ្រួសារ ស្ថិតក្នុងឃុំព្រែកដាច់ និងឃុំពាមរាំង ស្រុកលេីកដែក ខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមលោកអភិបាលស្រុក អាជ្ញាធរឃុំ ភូមិ អ្នកស្ម័គ្រចិត្តកាកបាទក្រហម យុវជនកាកបាទក្រហម និងសសយកស្រុក។


ឯកឧត្ដម គង់ សោភ័ណ្ឌ ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាកសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ហើយអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ពិតជាបានឆ្លើយតបបានទាន់ពេលវេលា និងសេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយដោយខ្យល់កន្ត្រាក់នៅពេលនេះ។


ឯកឧត្ដមបន្តថា ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរស្រុក នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ មានករណីខ្យល់កន្ត្រាក់ លាយលំជាមួយភ្លៀង បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋ នៅឃុំព្រែកដាច់ និងឃុំពាមរាំង បានរលំ របើកដំបូល និងបណ្ដាលឱ្យប្រជាពលរដ្ឋរងរបួស ទើបសាខាកាកបាទក្រហមកម្ពុជាខេត្តបាននាំយកអំណោយដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូននៅពេលនេះ។ ឯកឧត្តមបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ មិនត្រូវបាក់ទឹកចិត្ត ត្រូវបន្តខិតរកស៊ីចិញ្ចឹមគ្រួសារអោយបានល្អ។
ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកលើកដែក ចំនួន៣៣គ្រួសារ ស្មើនឹង៣៣ខ្នងផ្ទះ ក្នុងនោះនៅឃុំព្រែកដាច់ ចំនួន៩គ្រួសារ ស្មើនឹង៩ខ្នងផ្ទះ រលំផ្ទះទាំងស្រុងចំនួន១គ្រួសារ ស្មើនឹង១ខ្នងផ្ទះ ទទួលរងផលប៉ះពាល់ដោយអន្លើ ចំនួន៨គ្រួសារ ស្មើនឹង៨ខ្នងផ្ទះ និងនៅឃុំពាមរាំង ចំនួន២៤គ្រួសារ ស្មើនឹង២៤ខ្នងផ្ទះ រលំផ្ទះទាំងស្រុងចំនួន១០គ្រួសារ ស្មើនឹង១០ខ្នងផ្ទះ ទទួលរងផលប៉ះពាល់ដោយអន្លើ ចំនួន១៤គ្រួសារ ស្មើនឹង១៤ខ្នងផ្ទះ។


ក្នុងឱកាសនោះដែរឯកឧត្ដម គង់ សោភ័ណ្ឌ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងរបួសដោយខ្យល់កន្ត្រាក់ នៅមន្ទីរពេទ្យបង្អែកស្រុកលើកដែក ដោយក្នុងនោះអ្នករងរបួសធ្ងន់ចំនួន៣នាក់ បានបញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ចំនួន១នាក់ និង២នាក់ទៀតត្រូវបានក្រុមគ្រួសារបញ្ជូនទៅប្រទេសវៀតណាមដើម្បីព្យាបាល និងអ្នករបួសស្រាលស្រាលចំនួន១០នាក់ កំពង់សម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកលើកដែក។


អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ ក្នុងមួយគ្រួសាទទួលបាន អង្គរ៣០គីឡូ មីមួយកេះ ត្រីខមួយយួរ ទឹកត្រីមួយយួរ អាវចំនួន៤ និងថវិកាចំនួន១០ម៉ឺនរៀល។ ប្រជាពលរដ្ឋដែលរលំផ្ទះទាំងស្រុងទទួលបានអង្គរ៣០គីឡូ មីមួយកេះ ត្រីខមួយយួរ ទឹកត្រីមួយយួរ អាវចំនួន៤ តង់មួយ និងថវិកាចំនួន៤០ម៉ឺនរៀល។ ដោយឡែកអ្នករងរបួសសាខាកាកបាទក្រហមកម្ពុជាខេត្តបានឧបត្ថម្ភ ដល់អ្នករបួសធ្ងន់ចំនួន៣នាក់ ក្នុងម្នាក់ថវិកា២៥ម៉ឺនរៀល និងអ្នករបួសស្រាលចំនួន១០នាក់ ក្នុងម្នាក់ៗថវិកា៨ម៉ឺនរៀល ៕

 


ព័ត៌មានគួរចាប់អារម្មណ៍