មន្រ្ដីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានគូសបញ្ជាក់ថា សម្រាប់ ឆ្នាំ២០២០នេះ បុណ្យវិសាខបូជាមិនត្រូវបានអនុញ្ញាតឱ្យប្រារព្ធធ្វើនៅភ្នំព្រះរាជទ្រព្យនោះទេ(ភ្នំឧត្តុង្គ)
រាជធានីភ្នំពេញ៖ មន្រ្ដីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានគូសបញ្ជាក់ថា សម្រាប់ ឆ្នាំ២០២០នេះ បុណ្យវិសាខបូជាមិនត្រូវបានអនុញ្ញាតឱ្យប្រារព្ធធ្វើនៅភ្នំព្រះរាជទ្រព្យនោះទេ(ភ្នំឧត្តុង្គ) ប៉ុន្ដែគ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវបានអនុញ្ញាតឱ្យធ្វើដូចរៀងរាល់ឆ្នាំ នៅតាមអង្គភាពរបស់ខ្លួនដដែល។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្រៃ្តយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំអន្តរក្រសួង នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅគណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ ។
ឯកឧត្តម ឈិន កេតនា បានថ្លែងថា ក្នុងឆ្នាំ២០២០នេះ បុណ្យវិសាខបូជា នឹងត្រូវប្រារព្ធធ្វើរយៈពេលពីរថ្ងៃ គឺត្រូវនឹងថ្ងៃទី០៦-០៧ ខែឧសភា ឆ្នាំ២០២០ ហើយអនុញ្ញតឱ្យធ្វើនៅគ្រប់ក្រសួង ស្ថាប័ន និងនៅតាមទីវត្តអារាម ដោយគ្រាន់តែធ្វើការតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងបដាពាក្យស្លោកនៅតាមក្រសួង ស្ថាប័នទាំងនោះ ឱ្យបានសមរម្យដូចរាល់ឆ្នាំ។ ឯកឧត្ដមបានអះអាងថា ប៉ុន្ដែចំពោះការរៀបចំធំ នៅភ្នំព្រះរាជទ្រព្យ (ភ្នំឧត្ដង្គ) ដែលស្ថិតក្នុងស្រុកញញាឮ គឺមិនអនុញ្ញតឱ្យធ្វើនោះឡើយសម្រាប់ឆ្នាំនេះ ដោយហេតុថាយើងកំពុងរួមគ្នាទប់ស្កាត់ការរីករាលដាល់ នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់យើង។
ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងពីការត្រៀមរៀបចំ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគម្រប់ព្រះជន្ម ៦៧យាងចូល ៦៨ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ខាងមុខផងដែរ៕