ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមលើកផែនការអភិវឌ្ឍស្ថានីយបូមទឹកបឹងទំពុនបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពរំដោះការជន់លិចដោយជំនន់ទឹកភ្លៀង

រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ចាប់ផ្តើមលើកផែនការអភិវឌ្ឍស្ថានីយបូមទឹកបឹងទំពុនបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពរំដោះការជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សាខាងមុខ។

រដ្ឋបាលរាជធានីភ្នំពេញមានផែនការបំពាក់ម៉ាស៊ីនបូមទឹកថ្មីទំហំ១ម៉ែត្រកន្លះ១គ្រឿង និងទំហំ១ម៉ែត្រ២តឹកចំនួន២គ្រឿង រួមទាំងការស្តារប្រឡាយទឹកឱ្យកាន់តែធំ និង ជីកបុកស៊ីផាយអមសងខាងប្រឡាយ នៅស្ថានីយបូមទឹកបឹងទំពុន ដើម្បីពន្លឿនការបូមទឹកឱ្យបានលឿន បញ្ចៀសនូវការលិចលង់ដោយជំនន់ទឹកទឹកភ្លៀងនៅឆ្នាំក្រោយៗទៀត ។

ការសម្រេចលើកផែនការបំពាក់ម៉ាស៊ីបូមទឹកថ្មីរួមទំាងការស្តារប្រឡាយនៅស្ថានីយបូមទឹកបឹងទំពុននេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពីការអភិវឌ្ឍស្ថានីយបូមទឹកបឹងទំពុន នាព្រឹកថ្ងៃទី ២៧ ខែ វិច្ឆិកា នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ស្ថានីយបូមទឹកបឹងទំពុន នេះបានទទួលទឹកពីផ្ទៃរងទឹកភ្លៀងជាច្រើន ដូចជាហូរពី បឹងសាឡាង តំបន់ម៉ុងឌីយ៉ាល់ ផ្លូវ២៦១ សង្កាត់ទឹកល្អក់៣         ខណ្ឌទទួលគោក  តំបន់លូប្រាំ ស្ទឹងមានជ័យ និងមួយផ្នែកទៀតនៃខណ្ឌពោធិ៍សែនជ័យ ដូច្នេះទាមទារឱ្យមានការអភិវឌ្ឍឡើងវិញដើម្បីមានសមត្ថភាពរំដោះទឹកបានលឿន។

ឯកឧត្តមបានបញ្ជាក់ថា អាជ្ញាធរនឹងចាប់ផ្តើមអភិវឌ្ឍស្ថានីយបូមទឹកនេះចាប់ពីដើមរដូវប្រាំងនេះតទៅដើម្បីធ្វើយ៉ាងណាកុំឱ្យមានការជន់លិចដោយជំនន់ទឹកភ្លៀង នៅឆ្នាំ២០២១ ខាងមុខតទៀត។

«ចំណុចនេះថ្ងៃនេះដែលយើងរៀបចំប្រជុំដើម្បីធ្វើកិច្ចការងារយើងបន្ថែមទៀត ទី១ត្រូវសិក្សាបន្ថែមពីស្ថានីយបូម ទី២ត្រូវរៀបចំបុកស៊ីផាយ ស្តារអាងស្តុកទឹកឡើងវិញ នេះជាចំណុចសំខាន់ធ្វើយ៉ាងណាឱ្យទឹកទៅដល់ ហើយមានទឹកបូម នៅស្ថានីយមានសមត្ថភាពបូមទឹកនេះទាន់ពេលវេលា ធ្វើយ៉ាងណាកុំឱ្យលិច »។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ស្ថានភាពម៉ាស៊ីនបូមទឹកបឹងទំពុនបច្ចុប្បន្ន ដំណើរការ បាន៦គ្រឿង ដែល៤គ្រឿងជាម៉ាស៊ីនចាស់អាចបូមបាន១០ម៉ែត្រគូបក្នុងមួយវិនាទី និងម៉ាស៊ីនថ្មីចំនួន២គ្រឿង អាចបូបបានចំនួន៥ ម៉ែត្រគូបក្នុងមួយវិនាទី ដែលសរុបទាំងអស់១៥ម៉ែត្រគីបក្នុងមួយវិនាទី ដូចនេះមិនបំពេញសេចក្តីត្រូវការបានឡើយ ។ លោកបានបន្តថា តាមការសិក្សាបានឱ្យដឹងថាផ្ទៃរងទឹកភ្លៀងដែលហូរទៅស្ថានីយបឹងទំពុនមានទំហំ ៣០៣២ហិកតា ប្រសិនបើទឹកភ្លៀង៣០មីលីម៉ែត្រក្នុងមួយម៉ោង នោះចំនួនទឹកភ្លៀងនឹងកើនឡើង ជាង៩សែន៩ពាន់ម៉ែត្រគូប ភ្លៀង៤០មីលីម៉ែត្រក្នុងមួយម៉ោង បរិមាណទឹកជាង១លាន២សែនម៉ែត្រគូបនិងប្រសិនបើភ្លៀងខ្លាំង៦០ មីលីម៉ែត្រក្នុងមួយម៉ោងនោះបរិមាណទឹកនឹងជាង១លាន៨សែន ម៉ែត្រគូប ដូច្នេះបរិមាណនេះមិនទាន់ឆ្លើយតបនឹងម៉ាស៊ីនបូមទឹកនោះទេ ។ លោកបានបន្តថា ដើម្បីដោះបញ្ហាទឹកជំនន់ទឹកភ្លៀងនៅតំបន់ស្ថានីបូមទឹកបឹងទំពុននេះ គឺត្រូវអនុវត្តវិធានការចំនួន៦ចំណុច៖

«យើងមានវិធានការចំនួន៦ដើម្បីដោះស្រាយបញ្ហាទឹកនេះ ទី១ បង្កើនសមត្ថភាពបូមទឹក ពី១៥ ម៉ែត្រគូប ទៅ២៧ម៉ែត្រគូប ទី២ ជីកស្តារអាងស្តុកទឹកបឹងតូចទំហំ១២ហិកតាឱ្យបានជ្រៅ និងបុកស៊ីផាយការពារ ទី៣ ជីកស្តារភក់សំរាមឱ្យបានជាប្រចាំ ទី៤ ជួសជុលស្ពាននៅអមសងសាងប្រឡាយ ទី៥ បង្កើនសមត្ថភាពបូមទឹកនៅស្ថានីយលូប្រាំ ពី៨ម៉ែត្រគូប ទៅ២០ម៉ែត្រគូប និងទី៦ ត្រូវបំពាក់ ម៉ាស៊ីនភ្លើងដែលមានកម្លំាង៣ពាន់កាវ៉េអាដើម្បីការពារនៅពេលដាច់ចរន្តអគ្គិសនី ។

សូមបញ្ជាក់ថា តាមផែនការអភិវឌ្ឍស្ថានីយបូមទឹកបឹងទំពុននេះ គ្រោងប្រើប្រាស់រយៈពេល៩ខែ ដោយ ចាប់ផ្តើមអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០២០នេះតទៅ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button