ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ប្រគល់ជូនថវិកា ៨០០,៤​៨​០​,​០​​​០០រៀល ដល់មន្ទីរពេទ្យគន្ធបុប្ផា

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជ​ញ្ជូ​​​​​ន បានផ្តល់ថវិកា៨០០,៤៨០,០០០ រៀល ដែលបានមកពីការលក់ស្លាកលេខពិសេសផ្ទាល់ខ្លួន “កម្ពុជា ៥” ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពកុមាររាប់លាននាក់នៅកម្ពុជា ។
វិភាគទានសប្បុរសធម៌ដែលបានមកពីការលក់ស្លាកលេខពិសេសផ្ទាល់ខ្លួន “កម្ពុជា ៥”ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាបានធ្វើ​​​​​​​​​ឡើងតាមរយៈ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​ប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ។
ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូ​ន​​​​​បានបើកឱ្យដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ដែលមានលក្ខណៈពិសេសអាចកម្មង់តាមការពេញចិត្ត ដើម្បីបំពេញតម្រូវការនិងផ្តល់ជម្រើសសម្បូរបែបជូនប្រជាពលរដ្ឋ ហើយស្លាកលេខប្រភេទនេះបង្ហាញពីអត្តសញ្ញាណកម្ពុជា លើឆាកអន្តរជាតិផងដែរ ។
ឯកឧត្តម បន្តថា ការលក់លេខពិសេសផ្ទាល់ខ្លួនដែលត្រូវបានដាក់ឲ្យអនុវត្តកន្លងទៅនេះជាប្រភពចំណូលថ្មីមួយទៀត ដែលក្រ​សួ​​​ង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតឲ្យមានការលក់ និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ដែលបានធ្វើឱ្យសេវាសាធារណៈកាន់តែល្អប្រសើរសម្រាប់ ប្រជាពលរដ្ឋ និងអាចបង្កើនប្រាក់ចំណូលជូនរដ្ឋផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកោតសសើរដល់សមាជិក សមាជិកាអន្តរក្រសួងដែលបា​ន​ខិតខំប្រឹងប្រែងបំពេញកិច្ចការរបស់ខ្លួន ដោយទទួលបាននូវលទ្ធផលល្អប្រសើរ និងបានស្នើឲ្យបន្តកិច្ចសហការល្អបន្តទៀត ដើ​ម្បីឱ្យសេវានេះកាន់តែល្អ ប្រសើរឡើងថែមទៀត និងអាចរកចំណូលជូនរដ្ឋបានកាន់តែច្រើន។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់និងបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង ដើម្បីចូលរួមចំណែកក្នុងការពិនិត្យនិងការព្យាបាលជំងឺកុមារនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ។
គួរបញ្ជក់ថា នេះជាលើកទីពីរហើយ ដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រគល់ថវិកាវិភាគទានសប្បុរសធម៌ ជូនមន្ទីរពេទ្យគន្ធបុប្ផា ថវិកាដែលបានប្រគល់ជូនលើកនេះមានទឹកប្រាក់ចំនួន ៨០០ ៤៨០ ០០០រៀល បានមកពីការដេញថ្លៃ លក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា ៥” កាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button