អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ WWF សម្តែងការកោតសរសើរចំពោះការអនុវត្តការងាររបស់មន្រ្តីឧទ្យានុរក្សនៅកម្ពុជា ដែលបានលះបង់ និងពុះពារដើម្បីការពារធនធានធម្មជាតិ
អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF បានសម្តែងការកោតសរសើរចំពោះការអនុវត្តការងាររបស់មន្រ្តីឧទ្យានុរក្សនៅកម្ពុជា ដែលបានលះបង់ និងកំពុងពុះពារ ដើម្បី ការពារធនធានធម្មជាតិនៅក្នុងតំបន់ព្រៃទេសភាពភាគខាងកើត និងមេគង្គនៃប្រទេសកម្ពុជា។
លោក សេង ទៀក នាយកអង្គការ WWF ប្រចាំកម្ពុជា មានប្រសាសន៍ថា “អង្គការ WWF សូមអរគុណដោយក្តីគោរពដល់ឧទ្យានុរក្សទាំងអស់ដែលបានពុះពារ ប្រឈមនឹងឧបសគ្គ និងហានិភ័យខ្ពស់គ្រប់យ៉ាង ដើម្បីអនុវត្តកាតព្វកិច្ចរបស់ខ្លួនជាប្រចាំថ្ងៃនៅសមរភូមិមុខនៃការអភិរក្ស។ យើងខ្ញុំសូមកោតសរសើរចំពោះការលះបង់ និងប្តេជ្ញាចិត្តខ្ពស់របស់ឧទ្យានុរក្សទាំងអស់ក្នុងការថែរក្សានិងការពារធនធានសត្វព្រៃ ទីជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីព្រៃឈើនិងទន្លេដែលមនុស្សយើងទាំងអស់គ្នាពឹងអាស្រ័យសម្រាប់ជីវិត” ។
អង្គការ WWF បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីគាំទ្រដល់ការគ្រប់គ្រងតំបន់ការពារធម្មជាតិសំខាន់ៗ និងផ្តល់ការកសាងសមត្ថភាពជំនាញសម្រាប់ការអនុវត្តច្បាប់ ព្រមទាំងផ្តល់នូវរាល់សម្ភារ គ្រឿងបរិក្ខារ និងឧបករណ៍ចាំបាច់នានា ជូនដល់មន្ត្រីឧទ្យានុរក្ស និងមន្រ្តីឆ្មាំទន្លេសរុបទាំងអស់ចំនួន២៧១នាក់ សម្រាប់បំពេញភារៈកិច្ចរបស់ខ្លួន ក្នុងការងារល្បាត និងការចុះត្រួតពិនិត្យជាប្រចាំនៅក្នុងតំបន់ការពារ។
លោក James Peter Lourens ទីប្រឹក្សាបច្ចេកទេសសម្រាប់ការអនុវត្តច្បាប់នៃអង្គការ WWF កត់សម្គាល់ថា មន្រ្តីឧទ្យានុរក្សនៅកម្ពុជា បានអនុវត្តកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃដោយមិនខ្លាចនឿយហត់ ខណៈត្រូវប្រឈមនឹងហានិភ័យ ស្ថានភាពលំបាក និងប្រឈមនឹងគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗរួមមានដូចជាទឹកជំនន់ អគ្គិភ័យ ជំងឺឬសត្វ ដែលអាចបង្កគ្រោះថ្នាក់ ក៏ដូចជាត្រូវប្រឈមនឹងហានិភ័យនៃការក្លាយជាគោលដៅរបស់ជនល្មើស ក្នុងពេលចុះអនុវត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសដូចជា ការបរបាញ់សត្វព្រៃខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ និងនេសាទខុសច្បាប់។
សូមបញ្ជាក់ថា អង្គការ WWF បានជ្រើសរើសមន្រ្តីឧទ្យានុរក្សកម្ពុជាមួយរូប ដែលធ្វើការនៅដែនជម្រកសត្វព្រៃស្រែពកឱ្យទទួលនូវពានរង្វាន់ពិសេសមួយ ឈ្មោះថា Dr Rimington សម្រាប់ការរួមចំណែកដ៏ពិសេស ក្នុងការអភិរក្សធនធានព្រៃឈើ ដែលផ្តល់ជាទីជម្រកដល់សត្វព្រៃដែលរងគ្រោះថ្នាក់ជិតផុតពូជជាច្រើនប្រភេទដូចជា៖ ដំរីអាស៊ី ខ្លារខិន ទន្សោង ខ្ទីង រមាំង និងឈ្លូស ជាដើម៕