ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យប្រជាពលរដ្ឋអនុវត្តន៍តាមការណែ​នាំ​​របស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្ល​ង​កូវីដ-១៩

រាជធានីភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបន្តស្នើឱ្យ​ប្រជាពលរដ្ឋអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីចូលរួម​ប្រយុទ្ធ​ប្រឆាំងជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា កម្ពុជាចូលរួមប្រយុទ្ធប្រឆាំ​ង​ជំ​​ងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា ហើយ​សូម​បងប្អូនអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។ សម្ដេចតេជោបាន​លើកឡើងថា គ្រប់គ្នាត្រូវចងចាំថា ជំងឺកូវីដ-១៩ គឺជាជំងឺឆ្លង ដ៏កាចសហាវដែលយើង​មិនអាច​មើលឃើញនឹងភ្នែកឡើយ។ ប៉ុន្តែវិធីងាយៗមួយចំនួន អាចជួយទប់ស្កាត់ការឆ្លងរាលដាល​ជំងឺនេះបាន។ សម្ដេចតេជោបានបន្ដថា សូមទម្លាប់យកជាប់ជាមួយខ្លួន ដោយដាក់តាម​ហោប៉ៅ ឬដាក់កាបូបការងារ និងតាមរថយន្ត នូវដបទឹកថ្នាំជែលសម្លាប់មេរោគ បាក់តេរី (Hand Sanitizer) ឬដបទឹកអាល់កុល ម៉ាស់ ឬក្រមា ជាប់តាមខ្លួន ឬជាប់ក្នុងរថយន្ត។ សម្ដេច​តេជោក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូម​ឧស្សាហ៍ដុសលាងសម្អាតដៃជាប្រចាំ​ជា​មួយសាប៊ូ ឬទឹកថ្នាំជែលសម្លាប់មេរោគ មុន និងក្រោយ កាន់ ឬស្ទាប ប៉ះពាល់វត្ថុអ្វីមួយនៅ​ខាងក្រៅ ដែលយើងមិនអាចមើលឃើញផ្ទាល់នឹងភ្នែកថាតើវត្ថុទាំងនោះមានមេរោគ ឬអត់។ ទន្ទឹមនេះ សូមកុំយកដៃទទេដែលមិនបានសម្អាតជាមុន មកប៉ះភ្នែក ច្រមុះ ឬមាត់។ ជាមួយគ្នានេះ ត្រូវពាក់ម៉ាស ឬប្រើក្រមា បើគ្មានម៉ាស ដើម្បីទប់ស្កាត់ការឆ្លង​មេរោគពីគេមក​យើង នឹងពីយើងទៅគេ។ សម្ដេចតេជោបានគូសបញ្ជាក់ថា សំខាន់ណាស់ បើបងប្អូនប្រជា​ពលរដ្ឋ ជាពិសេសពលករ ពលការិនី ដែលទើបវិលមកពីក្រៅប្រទេស ត្រូវដាក់ខ្លួនឯងឱ្យ​នៅ​ដាច់ដោយឡែក ១៤ ថ្ងៃ កុំទៅជិតឪពុកម្តាយ ប្រពន្ធ ឬ ប្តី ឬកូន ហើយត្រូវរង់ចាំទទួល​លទ្ធ​ផលពីការធ្វើតេស្តជាមុនសិនថា តើមានរោគឆ្លងឬអត់មានរោគឆ្លងទើបអាចនៅជិតគ្នាបាន។សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា រាប់​ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្រ្តីនៃសមាជិករាជរដ្ឋាភិបាល អាជ្ញាធរ និង​សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តចុះជួយអប់រំផ្សព្វផ្សាយវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ជាប្រចាំ​នៅតាមមូលដ្ឋានដោយនាំទៅជាមួយនូវ ម៉ាស់ ឬក្រមា អង្ករ មី ត្រីខ ចែកជូនប្រជា​ពលរដ្ឋក្រី​ក្រ​នៅមូលដ្ឋានផងដែរ។ សម្ដេចតេជោបានថ្លែងថា កុំចាំហៅពួកគាត់ឱ្យមកចូលរួមប្រជុំ តែ​សូម​ទៅកាន់ទីកន្លែងដែលពួកគាត់រស់នៅតែម្តង ជាពិសេសក្នុងស្ថានភាពដែលយើងទាំង​អស់គ្នា​កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។ សម្ដេចតេជោបានគូសបញ្ជាក់ទៀតថា ដើម្បី​​សុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសម្រាប់គ្រួសារ សូមបងប្អូនប្រជាពលរដ្ឋសហការជា​មួយមន្ទីរ​សុខាភិបាល។ ក្នុងករណីមានការសង្ស័យ ហើយត្រូវការពិភាក្សា ឬប្រឹក្សាយោបល់ សូមទូរស័ព្ទមកកាន់លេខ ១១៥ ជាបន្ទាន់ ។

សូមបញ្ជាក់ថា៖ គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ-១៩  នៅកម្ពុជា មានចំនួន១០៣នាក់ ក្នុងនោះអ្នកជាសះស្បើយ មានសរុបចំនួន២១នាក់ហើយ ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button