ព័ត៌មានជាតិ

មន្ត្រីជំនាញកសិកម្មខេត្តបាត់ដំបង បានចុះផ្តល់បច្ចេកទេសដល់បណ្ដុំអាជីវកម្មកសិកម្មដាំដុះ ដំឡូងមី ឱ្យទទួលបានផលច្រើន អាចបំពេញតម្រូវការទីផ្សាក្នុងស្រុក និងការនាំចេញ

ខេត្តបាត់ដំបង ៖ មន្ត្រីជំនាញកសិកម្មខេត្តបាត់ដំបង បានចុះផ្តល់បច្ចេកទេសដល់បណ្ដុំអាជីវកម្មកសិកម្មដាំដុះ ដំឡូងមី ឱ្យទទួលបានផលច្រើន អាចបំពេញតម្រូវការទីផ្សាក្នុងស្រុក និងការនាំចេញ ។

លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង បាន ប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចេកទេសដែលចែករំលែកដល់កសិកនៅពេលនេះមានដូចជា៖ ការគ្រប់ គ្រងដី ការគ្រប់គ្រងប្រើប្រាស់ពូជ ការប្រមូលផលអោយត្រូវនឹងពេលវេលា និងការហាល អាចធ្វើ អោយដំឡូងមីរបស់ប្រជាកសិករ មានគុណភាពល្អ ចំណាយដើមទុនតិច ចំណេញពេលវេលា និង ទទួលបានទិន្នផលខ្ពស់ ។
លោកបន្តថា មន្ទីរកសិកម្មខេត្តបាត់ដំបង បានចងក្រងអោយមានជាបណ្ដុំអាជីវកម្មកសិកម្ម ជាច្រើនទៅតាមតំបន់ដែលមានសក្តានុពលដាំដុះដំឡូងមី ដូចជា ស្រុកកំរៀង ភ្នំព្រឹក សំពៅលូន សំឡូត និង ស្រុករតនាមណ្ឌល និងបានផ្តល់នូវបច្ចេកទេសផ្សេងៗដល់ប្រជាកសិករក្នុងសហគមន៍ ដើម្បីធានាដល់ការផ្គត់ផ្គងជីវភាពគ្រួសារ កាត់បន្ថយការធ្វើចំណាកស្រុក និងបំពេញតម្រូវការទីផ្សា។

លោកបន្ថែមថា រាជរដ្ឋាភិបាល បានកំណត់យកគោលដៅឆ្នាំ ២០១៩ដល់ឆ្នាំ២០២៣ ធ្វើការនាំ ចេញម្សៅដំឡូងមី ចំនួន ៥០ម៉ឺនតោន ទាំងម្សៅកែច្នៃ និងមិនទាន់កែច្នៃ ទៅកាន់ទីផ្សារចម្រុះ ជាពិសេសប្រទេស ចិនដែលជាទីផ្សារមានតម្រូវការដំឡូងមីខ្ពស់នៅក្នុងពិភពលោក។ រាជរដ្ឋាភិបាល ក៏បានលើកកម្ពស់ការប្រើប្រាស់អនុផល និង សំណល់ដំឡូងមីសម្រាប់ចំណីសត្វ និងជី ជាធាតុចូល ដែលមានតម្លៃថោកសម្រាប់ប្រជាកសិករ។

លោកបញ្ជាក់ថា បច្ចុប្បន្នខេត្តបាត់ដំបង មានផ្ទៃដីដាំដុះដំឡូងមីជាង ១១ម៉ឺនហិកតា បើធៀបទៅនឹងផ្ទៃដីដាំដុះកាលពីឆ្នាំមុន មានចំនួន ៩១៧៩៤ ហិកតា។
យោងតាមរបាយការណ៍ក្រសួងកសិកម្មបង្ហាញថាបច្ចុប្បន្ន ប្រទេសវៀតណាម និងថៃ គឺជាទីផ្សារធំជាង គេនៃដំណាំដំឡូងមីកម្ពុជា ខណះក្នុងរយៈពេល១០ខែ នៃឆ្នាំ២០១៩នេះ កម្ពុជានាំចេញដំឡូងមីទាំង ក្រៀម ស្រស់ និងម្សៅ ទៅលក់ក្រៅប្រទេសបានជាង ២លាន ៣សែនតោន៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button