មជ្ឈមណ្ឌល SEARCA បង្កើតការប្រកួតប្រជែងវីដេអូ ដែលបង្ហាញអំពីការអនុវត្តផលិតកម្មចំណីអាហារក្នុងស្រុកដោយយុវជន ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩
មជ្ឈមណ្ឌលប្រចាំតំបន់អាស៊ីអាគ្នេយ៍សម្រាប់ឧត្តមសិក្សា និងស្រាវជ្រាវផ្នែកកសិកម្ម (SEARCA) ដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន បានបង្កើតការប្រកួតប្រជែងវីដេអូមួយ ដែលបង្ហាញអំពីការអនុវត្តផលិតកម្មចំណីអាហារក្នុងស្រុកដោយយុវជន ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌល SEARCA ដែលទទួលបាននាព្រឹកថ្ងៃទី២៤ ខែសីហានេះ បានឱ្យដឹងថា ការប្រកួតប្រជែងដែលមានឈ្មោះថា «Youth COVIDeo Contest» បានបើកទទួលពាក្យសម្រាប់យុវជនកម្ពុជា ក៏ដូចជាយុវជននៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដទៃទៀត ដែលមានអាយុចាប់ពី ១៥ឆ្នាំ ដល់ ៣៥ឆ្នាំ ដោយអាចចូលរួមជាក្រុម ឬជាឯកត្តជនបាន។
ការប្រកួតប្រជែងនេះត្រូវបានរៀបចំឡើងក្រោមកម្មវិធី កម្លាំងយុវជនសម្រាប់នវានុវត្តន៍កសិកម្ម (# Y4AGRI) របស់មជ្ឈមណ្ឌល SEARCA ដែលមានគោលបំណងលើកទឹកចិត្តយុវជនឱ្យបន្តចូលរួមក្នុងវិស័យកសិកម្ម និងវិស័យដែលពាក់ព័ន្ធនានា ជាអាជីព ឬបណ្តាក់ទុនទៅក្នុងសហគ្រាសកសិកម្ម។
លោកបណ្ឌិត Glenn B. Gregorio ប្រធានមជ្ឈមណ្ឌល SEARCA បានមានប្រសាសន៍ថា៖ «កម្មវិធី #Y4AGRI គឺជាវេទិកាដែលអនុញ្ញាតឱ្យយុវជនចូលរួម និងធ្វើជាដៃគូក្នុងការស្វែងរកដំណោះស្រាយដែលមានភាពប្រសើរជាងមុន កាន់តែធំជាងមុន និងឆ្លាតវៃជាងមុន សម្រាប់កសិករ និងគ្រួសារកសិកររបស់យើង» ។
ការប្រកួតប្រជែង ក្រោមប្រធានបទ៖ «យុវជន និងអាហារដែលដាំដុះក្នុងស្រុក» នេះ នឹងផ្តល់រង្វាន់ដល់ស្នាដៃដែលល្អជាងគេ ដែលរៀបរាប់អំពីរបៀប និងមូលហេតុដែលយុវជនដាំដំណាំនៅតាមផ្ទះ តាមសាលារៀន ឬតាមសហគមន៍ ក្នុងពេលដែលកំពុងមានរោគរាតត្បាត។ វីដេអូក៏អាចនិយាយអំពីការណែនាំជាក់ស្តែងស្តីពីការដាំបន្លែ ការធ្វើជីកំប៉ុស ការប្រមូលផល ឬដំណើរការណាមួយ នៃការដាំដុះក្នុងស្រុក។ មួយវិញទៀត វីដេអូនោះក៏អាចនិយាយអំពីបទពិសោធន៍របស់យុវជនស្តីពី អត្ថប្រយោជន៍នៃអាហារដែលដាំដុះក្នុងស្រុក ដើម្បីសុខភាពរបស់ពួកគេ ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេផងដែរ។
យុវជនអាចផលិតវីដេអូជាភាសាអង់គ្លេស ឬភាសាជាតិរបស់ខ្លួន ប៉ុន្តែត្រូវមានអក្សររត់ពីក្រោម ជាភាសាអង់គ្លេស ហើយ វីដេអូដែលចូលរួម អាចផលិតជាទម្រង់ vlog វីដេអូចម្រៀង វីដេអូឯកសារ ឬវីដេអូជីវចល ដែលមានថិរវេលាពី ១នាទី ទៅ ៣នាទី។ ថ្ងៃផុតកំណត់នៃការទទួលវីដេអូចូលរួម គឺថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ។ ព័ត៌មានលម្អិតទាក់ទងនឹងការប្រកួតប្រជែងនេះមាននៅលើគេហទំព័ររបស់មជ្ឈមណ្ឌល SEARCA ។
សូមបញ្ជាក់ថា វីដេអូដែលទាក់ទាញការចូលចិត្ត (Like) បានច្រើនជាងគេនៅលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ចំនួន៣ នឹងត្រូវបានជ្រើសរើស សម្រាប់ទទួលរង្វាន់ជាសាច់ប្រាក់ និងថេប្លេត (tablet)៕