កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ស្តីពីផែនការ ការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ ក្រោមអធិបតីភាពឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ
ខេត្តតាកែវ ៖ ព្រឹកថ្ងៃ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តតាកែវ មានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ ស្តីពីផែនការ ការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ ក្រោមអធិបតីភាពឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនោះឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំក៏ដូចជាជំរុញបន្ថែមទៀតទៅមន្ទីរធម្មការនិងសាសនា ត្រូវសហការជាមួយមន្ទីរសុខាភិបាលរួមជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការអប់រំផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នដោយរក្សាគម្លាតសុវត្ថិភាព ត្រូវពាក់ម៉ាស លាងដៃនឹងអាល់កុល ឬសាប៊ូ នៅក្នុងអំឡុងពេលដែលពួកគាត់មកចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមទីវត្តអារាមនានា។
ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍បន្តថា នៅក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ បងប្អូនប្រជាពុទ្ធបរិស័ទគ្រប់ទិសទី មកជួបជុំគ្នាចូលរួមកាន់បិណ្ឌ និងបោះបាយបិណ្ឌគ្រប់ទីវត្តអារាម ។ ដូច្នេះមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុកទាំងអស់ ត្រូវណែនាំផ្សព្វផ្សាយដល់គ្រប់វត្តអារាមត្រូវដាក់អាល់កុល និងសាប៊ូសម្រាប់ឱ្យបងប្អូនពុទ្ធបរិស័ទលាងដៃឱ្យបានត្រឹមត្រូវ ។ ជាពិសេសត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលមកកាន់បិណ្ឌត្រូវប្រកាន់ភ្ជាប់នូវអនាម័យ ពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព និងអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍បន្ថែមថា បញ្ហាជំងឺកូវីដ-១៩នេះ នៅទូទាំងពិភពលោក ហាក់មិនទាន់មានការថមថយនៅឡើយទេ ពោលគឺមានការឆ្លងរីករាលដាលជាសកលនៅឡើយ ។ ដូច្នេះហើយដើម្បីចូលរួមទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩នេះ ឆ្លងរីករាលដាលដល់សហគមន៍របស់យើង ពិសេសកុំឱ្យឆ្លងនៅក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវរួមសហការគ្នា អនុវត្តន៍ឱ្យបានល្អតាមរយៈការថែរក្សាសុខភាព ទម្លាប់មានអនាម័យ និងប្រុងប្រយ័ត្នជាប់ជានិច្ច ហើយធ្វើយ៉ាងណាកុំឱ្យបងប្អូនប្រជាពលរដ្ឋមានការធ្វេសប្រហែស ឬភ្លេចភ្លាំងឱ្យសោះពីជំងឺកូវីដ-១៩នេះ។
ឯកឧត្តមអភិបាលខេត្តតាកែវ អ៊ូច ភា ក៏បានធ្វើការណែនាំដល់កម្លាំងសមត្ថកិច្ចទូទាំងខេត្តតាកែវ ត្រូវយកចិត្តទុកដាក់ពង្រឹងសន្តិសុខ សុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះឱ្យបានល្អប្រសើរ ត្រូវធ្វើការទប់ស្កាត់ឱ្យបានរាល់បទល្មើសដែលកើតឡើងនៅមូលដ្ឋានរបស់ខ្លួន៕