រដ្ឋមន្រ្តីក្រសួងផែនការស្នើដល់អាជ្ញាធរមូលដ្ឋាន បន្តចុះពិនិត្យតាមដានគ្រួសារមានជីវភាពក្រីក្រពិតប្រាកដ ដើម្បីឲ្យពួកគាត់ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល
រដ្ឋមន្រ្តីក្រសួងផែនការស្នើដល់អាជ្ញាធរមូលដ្ឋាន បន្តចុះពិនិត្យតាមដានគ្រួសារមានជីវភាពក្រីក្រពិតប្រាកដ ដើម្បីឲ្យពួកគាត់ ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ និងគ្រួសារក្រីក្រចំនួន ៣ខេត្ត រួមមាន ខេត្តកែប ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានមានប្រសាសន៍ថា ដើម្បីឱ្យកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ បានទៅដល់ដៃប្រជាជនក្រីក្រពិតប្រាកដ ឯកឧត្តមបានជំរុញឱ្យក្រុមប្រឹក្សាឃុំសង្កាត់ មេភូមិ និងអ្នកពាក់ព័ន្ធ មេត្តាធ្វើយ៉ាងណា កំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ឱ្យច្បាស់លាស់ ម៉ត់ចត់ រួមនឹងការដកបណ្ណសមធម៌ពីគ្រួសារដែលមានជីវភាពប្រសើរហើយមកវិញ ជាពិសេសសូមជួយស្វែងរកគ្រួសារក្រីក្រពិតៗ ដោយមិនគិតហេតុផលនយោបាយ ឬហេតុផលណាមួយ ដើម្បីធានាថាមិនទុកអ្នកណាម្នាក់ចោល ដោយអត់បាយនោះទេ។
ឯកឧត្តមបានបន្តថា ដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩នេះ បានធ្វើឱ្យសេដ្ឋកិច្ចរបស់ពិភពលោក រួមនិងកម្ពុជា ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង ។ ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដែលគិតមកដល់ពេលនេះយើងអនុវត្តការបើកប្រាក់បានចំនួន៣លើករួចមកហើយ ដែលមានគ្រួសារក្រីក្រសរុបប្រមាណ ៦៧ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនសរុបចំនួនប្រមាណ២លាន៧សែននាក់ ទទួលបានប្រាក់ឧបត្ថម្ភ ហើយក្នុងនោះយើងក៏បានដកបណ្ណសមធម៌ពីគ្រួសារដែលមាន ភាពមិនប្រក្រតី និងគ្រួសារដែលមានជីវភាពប្រសើរឡើង បានចំនួនប្រមាណជាង១ម៉ឺន១ពាន់គ្រួសារមកវិញផងដែរ៕