ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងនូវខ្លឹមសារសំខាន់ៗ៣ចំណុច លើប្រធានបទ«យុវជន និងកិច្ចការបរទេស»
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីចែករំលែកបទ ពិសោធន៍ ក្រោមប្រធានបទ«យុវជន និងកិច្ចការបរទេស»ដែលធ្វើឡើងនៅ វិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ប្រធានបទ«យុវជន និងកិច្ចការបរទេស»ត្រូវបានរៀបចំឡើងជាទម្រង់នៃការចែករំលែកបទពិសោធន៍ និងការរៀនសូត្រ ដែលធ្វើបទបង្ហាញដោយ ឯកឧត្តម លោកហ៊ុន ម៉ានី ដែលឆ្លងកាត់នៅក្នុងការងារដឹកនាំយុវជនផង និងការងារកន្លងមកផ្សេងៗរបស់ឯកឧត្តម ដែលជាមូលដ្ឋាននៃការរៀបចំបាឋកថាក្នុងកម្មវិធីនេះ។
ក្នុងនោះ ឯកឧត្តម លោកហ៊ុន ម៉ានី បានផ្ដោតសំខាន់ទៅលើខ្លឹមសារជាច្រើនពាក់ព័ន្ធទៅនឹងការងារការបរទេស តែអ្វីដែលលោកបានសង្កត់ធ្ងន់បន្ថែមលើនោះ គឺការត្រូវចេះតម្កល់ផលប្រយោជន៍ជាតិជាធំ។វាទាមទារឱ្យមន្រ្តីការទូត គ្រប់រូបស្វែងយល់ថា ប្រយោជន៍ជាតិជាអ្វី ហើយស្ថិតនៅត្រង់ណា។
មួយវិញទៀត ក្នុងក្របខណ្ឌទំនាក់ទំនងជាមួយបរទេស យើងត្រូវយល់ថា ប្រយោជន៍ជាតិដើរតួនាទីចម្បងក្នុងការ ធ្វើទំនាក់ទំនងរបស់ជាតិសាសន៍គេរៀងៗខ្លួនដូចគ្នា។ នៅទីបញ្ចប់ ឯកឧត្តម លោកហ៊ុន ម៉ានី បានផ្តល់ការផ្ដាំផ្ញើ៣ចំណុចសំខាន់ៗជូនអង្គពិធីដូចខាងក្រោម៖
១ – ត្រូវមានមោទនភាពចំពោះអ្វីដែល ប្រទេសជាតិ ខ្លួនបានដើរមកដល់ដំណាក់កាលនេះ
២- រក្សាជំហរវិជ្ជមាន និងភាពជឿជាក់លើប្រទេសជាតិខ្លួន ក្នុងនាមយើងជាអ្នកទទួលខុសត្រូវម្នាក់ លើជោគវាសនាប្រទេស
៣- ត្រូវផ្ចង់ស្មារតីត្រង់ឆ្ពោះទៅមុខជានិច្ច នូវអ្វីដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន សំដៅក្លាយជាប្រទេសអភិវឌ្ឍន៍៕