អភិបាលរាជធានីភ្នំពេញ ស្នើម្ចាស់បុរីទាំងអស់ឱ្យផ្តល់ទិន្នន័យពីកាមេរ៉ាសុវត្ថិភាព ដើម្បីពង្រឹងកិច្ចសហការជាមួយគ្នាឱ្យបានល្អ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ
រាជធានីភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ស្នើម្ចាស់បុរីទាំងអស់ឱ្យផ្តល់ទិន្នន័យពីកាមេរ៉ាសុវត្ថិភាព ដើម្បីពង្រឹងកិច្ចសហការជាមួយគ្នាឱ្យបានល្អ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ចាប់ពីពេលនេះទៅ គ្រប់បុរី ខុនដូទាំងអស់នៅរាជធានីភ្នំពេញ ត្រូវតែបំពាក់កាមេរ៉ាសុវត្ថិភាព និងមានប្រព័ន្ធសន្តិសុខសុវត្ថិភាព ដើម្បីធានាភាពកក់ក្តៅជូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅ។ ឯកឧត្តម ឃួង ស្រេង ចង់ឱ្យម្ចាស់បុរីទាំងអស់ត្រូវភ្ជាប់ប្រព័ន្ធផ្តល់ទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពនេះ ភ្ជាប់ទៅមជ្ឈមណ្ឌលកាមេរ៉ាសុវត្ថិភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវបានត្រួតពិនិត្យជាប្រចាំដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីងាយស្រួលក្នុងការចុះអន្តរាគមន៍នៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។ ឯកឧត្តមបានសន្យាថា រាល់ទិន្នន័យដែលភ្ជាប់មកស្នងការដ្ឋានរាជធានីភ្នំពេញ នឹងរក្សាការសម្ងាត់ នឹងមិនអនុញ្ញាតឱ្យយកទិន្នន័យចេញពីកាមេរ៉ាសុវត្ថិភាពនេះ ទៅផ្សព្វផ្សាយដោយគ្មានការអនុញ្ញាតឡើយ។
ឯកឧត្តមបន្តថា ការពង្រឹងកិច្ចសហការរវាងម្ចាស់បុរី និងសមត្ថកិច្ចនេះ គឺដើម្បីអាចរាយការណ៍អោយគ្នាទៅវិញទៅមកនៅពេលមានករណីមិនប្រក្រតីណាមួយកើតឡើង ដែលអោយសមត្ថកិច្ចអាចធ្វើអន្តរាគមន៍ជួយដោះស្រាយបានទាន់ពេលវេលា។ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានសំណង់បុរីជាច្រើន ហើយមានលក្ខណៈរស់នៅដាច់ដោយឡែក ហើយកន្លែងខ្លះមានភាពស្មុគស្មាញងាយកើតឡើងនូវបទល្មើសនានាមួយចំនួនដែលទាមទារឲ្យភាគីទាំង២ មានកិច្ចសហការជាមួយគ្នាទ្វេដង ដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរី។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានគាំទ្រចំពោះយន្តការទាំងនេះដែលធានាបានសន្តិសុខសុវត្ថិភាពជូនអ្នកស្នាក់នៅ។ ក្រៅពីនេះឯកឧត្តមចង់ឱ្យម្ចាស់បុរី ខុនដូ ត្រូវមានការបំពាក់ប្រព័ន្ធការពារសុវត្ថិភាពបន្ថែមទៀត ដូចជាត្រៀមបង្ការពន្លត់អគ្គីភ័យ ឬរថយន្តពន្លត់អគ្គីភ័យ មានប្រព័ន្ធទូរសព្ទទាន់ហេតុការណ៍ ២៤ម៉ោងលើ២៤ម៉ោង មានច្រកចេញចូលត្រឹមត្រូវ ការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ត្រូវមានសន្តិសុខយាមកាមជាដើម។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅរាជធានីភ្នំពេញមានបុរីចំនួន១៤៩ទីតាំង និង ខុនដូចំនួន១៣៧ទីតាំង ៕