ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកបវេល ខេត្តបាត់ដំបង
ខេត្តបាត់ដំបង ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណអភិបាលខេត្តបាត់ដំបង អមដំណើរដោយមន្ទីរជំនាញ អាជ្ញាធរស្រុក លេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងភាគីពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកបវេល ខេត្តបាត់ដំបង ដែលកំពុងរងការលិចលង់ដំណាំស្រួវមួយចំនួនបណ្តាលមកពីជំនន់ទឹកភ្លៀងនៅប៉ែកខាងលើ។
ឯកឧត្តម ងួន រតនៈ ក៏បានចុះពិនិត្យការសាងសង់បន្ថែមនូវប្រព័ន្ធធារាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបាណន់ផងដែរ ដែលអាចនាំទឹកចូលក្នុងអាងកំពីងពួយ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងកោតសរសើរចំពោះបងប្អូនប្រជាកសិករ ដោយមិនទុកដីឱ្យនៅទំនេរ ដែលបានខិតខំបង្កបង្កើនផលនៅក្នុងវគ្គ២ ជំហាន២នេះ។ ឯកឧត្តមបានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីបើកទម្លាក់ទឹកពីស្រែបង្ហូរទៅកាន់ស្ទឹងបវេល បន្តហូរចូលស្ទឹងមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីចៀសវាងអូសបន្លាយពេលវេលាយូរបណ្តាលឱ្យខូចខាតដំណាំស្រូវរបស់បងប្អូនប្រជាកសិករ។
ឯកឧត្តមអភិបាលខេត្ត បានជំរុញទៅដល់ អាជ្ញាធរស្រុក ក៏ដូចជាមន្ទីរពាក់ព័ន្ធ បន្តខិតខំជួយអន្តរាគមន៍នូវបញ្ហាជំនន់ទឹកភ្លៀងនេះ បើទោះបីមិនទាន់មានការប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ តែត្រូវត្រៀមជានិច្ចនូវទីទួលសុវត្ថិភាព ហើយពិនិត្យលទ្ធភាពបន្ថែមក្នុងការបង្ហូរទឹកជំនន់នេះ ឱ្យអស់ពីស្រែរបស់ប្រជាពលរដ្ឋ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា សម្រាប់ខែតុលា ឆ្នាំ២០២០នេះ ភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយ ហើយក្រសួងបានអំពាវនាវដល់ពលរដ្ឋ សូមមានការប្រុងប្រយ័ត្នពីបាតុភូតផ្សេងៗ៕