តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជប៉ុនផ្តល់ជំនួយឥតសំណងជាគ្រឿងចក្រដល់ រាជរដ្ឋាភិបាលកម្ពុជាយកទៅប្រើប្រាស់ក្នុងគម្រោងសាងសង់ផ្លូវអាទិភាពនានា
រដ្ឋាភិបាលជប៉ុន តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម បានផ្តល់ជំនួយឥតសំណងជាគ្រឿងចក្រសាងសង់ផ្លូវដល់រាជរដ្ឋាភិបាលកម្ពុជាយកទៅប្រើប្រាស់ក្នុងគម្រោងសាងសង់ផ្លូវអាទិភាពនានា ពិសេសផ្លូវដែលទទួលរងនូវការខូចខាតខ្លាំងដោយកត្តាផ្សេងៗ រួមមានការដឹកលើសទម្ងន់កំណត់ និងគម្រោងស្ថាបនាផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប។
ថ្លែងក្នុងពិធីប្រគល់ និងទទួលគ្រឿងចក្រសាងសង់ផ្លូវប្រភេទ stabilizer នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា សង្ឃឹមថា ជំនួយឥតសំណងជាគ្រឿងចក្រនេះ នឹងចូលរួមចំណែកស្តារ និងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រ និងផ្តល់នូវជំនួយឥតសំណងសម្រាប់ការសាងសង់ ស្ពារ និងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
ឯកឧត្តមបញ្ជាក់ថា «តាមរយៈឯកឧត្តមMIKAMI Masahiro ជូនចំពោះប្រជាពលរដ្ឋ និងរដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាល បានជួយឧបត្ថម្ភគាំទ្រជាស្មារតី បច្ចេកទេស ឥណទានកម្ចីសម្បទាន និងបានផ្តល់នូវជំនួយឥតសំណងជាបន្តបន្ទាប់សម្រាប់ការសាងសង់ ស្ពារ និងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន សំខាន់ៗជាច្រើនកន្លែង និងកំពង់ផែអន្តរជាតិសម្រាប់ជួយសម្រួលដល់ចរាចរដឹកជញ្ជូននៅទូទាំងប្រទេសកម្ពុជា សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច អភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា»។
តាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន ជប៉ុនបានផ្តល់ជំនួយឥតសំណង ព្រមទាំងហិរញ្ញប្បទានដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគន្លឹះជាច្រើននៅកម្ពុជា។ ឯកឧត្តម អះអាងថា ចំពោះវិស័យសាធារណការ និងដឹកជញ្ជូន ជប៉ុនបានផ្តល់ហិរញ្ញប្បទានសម្បទានជាជំនួយឥតសំណងសម្រាប់ស្តារ និងសាងសង់ផ្លូវចំនួន៣ខ្សែ រួមមាន៖ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ១ ប្រវែងសរុបជាង២៥៤គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ១៨៩,១លានដុល្លារអាមេរិក។ ចំណែកស្ពានធំៗ មានដូចជា៖ ស្ពានគីហ្សូណា ស្ពានត្សឹបាសា ប្រវែងសរុប៣.៥៧៥ម៉ែត្រ ចំណាយថវិកាប្រមាណ១៨៦លានដុល្លារ និងជួសជុលស្ពានជ្រោយចង្វារប្រវែងសរុប១.០៨០ម៉ែត្រ ចំណាយថវិកាប្រមាណ៣០លានដុល្លារ។ ឯកឧត្តម បានបន្តថា បច្ចុប្បន្ន ជប៉ុនកំពុងតែផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ដែលសាងសង់ស្ពានចំនួន៧ ស្ថិតក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ ចំណាយថវិកាប្រមាណ៣៥លានដុល្លារអាមេរិក ខណៈផ្លូវជាតិលេខ៥ ដែលមានប្រវែង៣៦៦គីឡូម៉ែត្រ បាននិងកំពុងសាងសង់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនក្នុងទំហំថវិកាប្រមាណ៥០០លានដុល្លារ៕