ព័ត៌មានជាតិ

ដោយសារតែទឹកភ្លៀងជន់លិចខ្លាំងក្នុងរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បញ្ជាឱ្យប្រធានស្ថានីយបូមទឹកនីមួយៗ ត្រូវបង្កើនកម្លាំងបន្ដបូមទឹកឱ្យបានលឿនទាំងយប់ទាំងថ្ងៃ ដើម្បីពន្លឿនកុំឱ្យមានការលិចលង់

រាជធានីភ្នំពេញ ៖ ដោយសារតែទឹកភ្លៀងជន់លិចខ្លាំងក្នុងរាជធានីភ្នំពេញ នៅយប់ថ្ងៃ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.​ស.​២​៥៦៤ ត្រូវនឹងថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ម៉ាស៊ីនបូមទឹក ចល័តចំនួន៦គ្រឿងប​ន្ថែ​ម​​ ដើម្បីបូមទឹកនៅចំណុច ស្ថានីយបឹងទំពុន ដើម្បីពន្លឿនរំដោះទឹកដែលបានជន់លិច។ នៅក្នុងរាត្រីនោះក៏មានវត្ដមាន ឯកឧត្ត​ម​ ប៉ា​ ​សុ​ជា​តិ​វ​ង្ស ប្រធានក្រុមប្រឹក្សារាជធានី និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ដ្រីជំនា​ញធ្វើអន្ដរាគ​មន៍ ដើម្បីបូមទឹករំដោះពីស្ថានីយបឹងទំពុន ស្ថិតនៅលើផ្លូវលេខ៣៧១ ខណ្ឌមានជ័យ ផងដែរ។

ឯកឧត្តម ឃួង ស្រេង បានប្រសាសន៍ថា នៅតាមបណ្ដាស្ថានីយបូមទឹក នៃទីតាំងទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលកំពុងប្រតិបត្តិការ ដើម្បីបូមទឹករំដោះនេះ រហូតមកដល់ពេលនេះ អាជ្ញាធរ និងមន្ដ្រីជំនាញពាក់ព័ន្ធកំពុងខិតខំធ្វើយ៉ាងណា ដើម្បីដោះស្រាយបញ្ហាជន់លិចនេះជូនប្រជាពលរដ្ឋជាបន្ទាន់ រួចហើយដែរ ដូច្នេះសូមបងប្អូន មានការអធ្យាស្រ័យបើលិចក៏មិនយូរដែរ ។

រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយដល់បងប្អូនប្រជាពលរដ្ឋ ពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យ ដោយសារតែសាលារាជធានីភ្នំពេញ ត្រូវបញ្ជូនរថយន្តទៅបូមទឹកចេញពីស្ថានីយទឹកបឹងទំពុន ដោយសារទឹកឡើងខ្លាំងពេក។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ បានបញ្ជាក់ថា យើងជូនដំណឹងទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមវាងតាមផ្លូវផ្សេងជាបណ្តោះអាសន្ន ផ្អាកការធ្វើដំណើរតាមផ្លូវលេខ៣៧១សិនរង់ចាំការបើកដំណើរការឡើងវិញ ។ លោកបន្ដថា ដោយសារភ្លៀងធ្លាក់មួយមេធំនៅថ្ងៃនេះ ទើបបណ្តាលឱ្យទឹកនៅក្នុងស្ថានីយបូមទឹកបឹងទំពុងឡើងខ្លាំង ម៉ាស៊ីនបូមអត់ទាន់ ត្រូវតែបន្ថែមម៉ាស៊ីនជួយ។ ដូច្នេះហើយដើម្បីកុំឱ្យមានការប៉ះពាល់ដល់ទួការប៊ីនភ្លើងផង ទើបអាជ្ញាធរសម្រេចបញ្ជូនរថយន្តទៅបូមទឹកចេញ ដើម្បីជួយសង្គ្រោះស្ថានីយ ដូច្នេះរថយន្តត្រូវតម្រៀបជាជួរនៅលើផ្លូវ ជាហេតុត្រូវផ្អាកចរាចរជាបណ្តោះអាសន្ន មួយរយៈផងដែរ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានតំបន់ជាច្រើនក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ កំពុងរងការវាយប្រហា​រដោ​យ​ជំនន់ទឹ​ក​ភ្លៀង។ តំបន់រង្វង់មូលចោមចៅ និងអូឌឹម ស្ថិតក្នុងខណ្ឌកំបូល តាមបណ្ដោយផ្លូវជា​តិលេខ៤ ក៏កំពុងរងការជន់លិច និងស្ទះ​ចរាចរយ៉ាងខ្លាំងផងដែរ ៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button