ព័ត៌មានជាតិ

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចុះចែកស្បៀងសង្គ្រោះបឋមដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកគាស់ក្រឡ និងស្រុកសង្កែ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់

ខេត្តបាត់ដំបង ៖ បញ្ហាជំនន់ទឹកភ្លៀងនាចុងរដូវវស្សាក្នុងឆ្នាំ២០២០នេះ មិនត្រឹមតែបង្កឱ្យមានការជន់លិចនៅតាមបណ្ដាស្រុកជាប់នឹងស្ទឹងធំៗក្នុងខេត្ត ឬស្រុកជាប់ព្រំដែនប្រទេសថៃនោះទេ វាក៏បានបង្កឱ្យមានការលិចលង់ និងប៉ះពាល់ដល់ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលជាស្រុកមួយតែងជួបបញ្ហាគ្រោះរាំងស្ងួតសឹងតែរាល់ឆ្នាំ និងមានស្ថានដីខ្ពស់ មិនងាយមានទឹកជំនន់​ហូរដល់ស្ទើរតែគ្រប់ឃុំ។

នេះជាការលើកឡើងរបស់ លោក ញឹក សារ៉ែន អភិបាលស្តីទីស្រុកគាស់ក្រឡ លោកបានបន្តថា ទឹកជំនន់នាពេលនេះ បានប៉ះពាល់ខ្លាំងនៅក្នុងឃុំហប់ រហូតដល់មានការលិចលង់ផ្ទះពលរដ្ឋចំនួន៧៩គ្រួសារ និងត្រូវបានអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំង៣ បានជួយអន្តរាគមន៍យកមកកាន់ទីទួលសុវត្ថិភាព ដោយមិនមានអ្នគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ជំនន់ទឹកភ្លៀងនេះ ក៏បានហូរចូលក្នុងស្រះទឹកធំៗក្នុងស្រុកទាំងមូល ដើម្បីទុកសម្រាប់ឱ្យពលរដ្ឋប្រើប្រាស់ក្នុងរដូវប្រាំងនាពេលខាងមុខ ហើយកម្រិតទឹកដែលចូលក្នុងស្រះទឹកទាំងអស់នោះ នឹងធ្វើឱ្យស្រុកគាស់ក្រឡ ដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់បានមួយផ្នែកធំផងដែរ ។

ក្នុងពេលចុះចែកស្បៀងសង្គ្រោះបឋមដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកគាស់ក្រឡ និងស្រុកសង្កែ នៅថ្ងៃ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅ ដោយត្រូវហាមមិនឱ្យលេងទឹកផ្ដេសផ្ដាស់ អាចបង្កមានគ្រោះថ្នាក់ជាយថាហេតុ និងត្រូវនាំគ្នាថែរក្សាសុខភាព ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះទឹកជំនន់នៅខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ មានស្រុកមួយចំនួនបានធូរស្បើយ ខណៈមួយចំនួនទៀតនៅធ្ងន់ធ្ងរនៅឡើយ ពិសេសស្រុកនៅខាងក្រោមៗស្ទឹងធំៗ ដោយអាជ្ញាធរខេត្តកំពុងជួយសង្គ្រោះ ប្រជាពលរដ្ឋ នាំទៅកាន់ទីទួលសុវត្ថិភាព រួមទាំងផ្ដល់នូវស្បៀងអាហារ និងថ្នាំពេទ្យជូនដល់ប្រជាពលរដ្ឋ ចំពោះស្ថានភាពទឹកជំនន់នៅស្ទឹងសង្កែ ក៏បានស្រកបន្តិចហើយដែរ ៕

 

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button