សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា និងសប្បុរសជន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងក្នុងស្រុកព្រៃនប់ សរុបចំនួន១,២៣៧ គ្រួសារ ។
លោក សរ កក្កដា អភិបាល ស្រុកព្រៃនប់ បានអោយដឹងថា ចាប់ពីថ្ងៃ១៧ ដល់២០ ខែតុលា ឆ្នាំ២០២០ ស្រុកព្រៃនប់បានទទួលរងគ្រោះជំនន់ទឹកភ្លៀង ដោយឥទ្ធិពលព្យុះ ។ ថ្ងៃនេះ សាខាកាកបាទក្រហមខេត្ត នាំយកអំណោយចែកជូនគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១,២៣៧គ្រួសារ មកពីឃុំចំនួន ៤ មានឃុំ ព្រៃនប់ ៤០២គ្រួសារ ឃុំទួលទទឹង ៣៤៣គ្រួសារ ឃុំអណ្តូងថ្ម ៣៥២គ្រួសារ និងឃុំសំរុង ១៤០គ្រួសារ ។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ពាំនាំការផ្តាំផ្ញើពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស រង គ្រោះដោយជំនន់ទឹកភ្លៀងក៍ដូចជាគ្រោះធម្មជាតិផ្សេងៗ ។
ក្នុងឱកាសនោះឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជំនន់ទឹកភ្លៀងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពាក់ព័ន្ធនឹងចរន្តអគ្គីសនី សត្វអាសីពិស ជាពិសេសកូនក្មេង ។ ជាមួយគ្នានោះ ឯកឧត្តមប្រធានបានក្រើន រំលឹកដល់ប្រជាពលរដ្ឋពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ ត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ឯកឧត្តម ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជានេសាទ ក៏ដូចជាភ្ញៀវទេសចរ មុននឹងចេញទៅកម្សាន្ត ឬចេញមទៅធ្វើការនេសាទ ត្រូវមាន ការប្រុងប្រយ័ត្ន ត្រូវពិនិត្យតាមដានអំពីស្ថានភាពអាកាសធាតុ ដើម្បីជៀសវាងនូវគ្រោះ ថ្នាក់ជាថាហេតុ ។
អំណោយដែលចែកជូនក្នុងមួយគ្រួសារទទួលបាន៖ ភួយ១ មុង១ ក្រមា១ សារុង១, អង្ករ ១បាវ, ត្រីខកំប៉ុង ១យួរ, ទឹកត្រី១យួរ, សាប៊ូ ១ដុំ និងថវិកា ៥០,០០០ ៛ (ប្រាំម៉ឺនរៀល)។
ក្នុងនោះដែរព្រះតេជព្រះគុណ ប៊ុន ណេងចៅអធិការវត្តឥន្ទញ្ញាណ និងញាតិព្រះធម៌ បាមចូលរួមឧបត្ថម ១០០គ្រួសារ មាន អង្ករ២៤គីឡូ ចំនួន១០០បាវ, មី ១០០កេសតូច, ត្រីខកំប៉ុង ១០០យួរ និងថវិកា ២លានរៀល ៕