ក្រសួងបរិស្ថាន បានរៀបចំនូវកម្មវិធីលើកទឹកចិត្ត «មេត្រីភាពបរិស្ថានឆ្នាំ២០២០» ជូនដល់រូបវន្តបុគ្គល និងនីតិបុគ្គលចំនួន៣៣រូប ដែលបានប្រតិបត្តិល្អចំពោះបរិស្ថាន
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងបរិស្ថាន បានរៀបចំនូវកម្មវិធីលើកទឹកចិត្ត«មេត្រីភាពបរិស្ថានឆ្នាំ២០២០»ជូនដល់រូបវន្តបុគ្គល និងនីតិបុគ្គលចំនួន៣៣រូប ដែលបានប្រតិបត្តិល្អចំពោះបរិស្ថាន។
ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានមានប្រសាសន៍ថា កម្មវិធី «លើកទឹកចិត្តមេត្រីភាពបរិស្ថាន» នេះរៀបចំឡើងក្នុងគោលបំណងដើម្បី លើកទឹកចិត្ត ដល់រូបវន្តបុគ្គល និងនីតិបុគ្គលដែលបានចូលរួមប្រតិបត្តិសកម្មភាពមេត្រីភាពបរិស្ថានឆ្នើម និងបន្តផ្សព្វផ្សាយ និង ការចែករំលែកបទពិសោធន៍នៃការប្រតិបត្តិមេត្រីភាពបរិស្ថាន ដល់រូបវន្តបុគ្គលនិងនិតិបុគ្គលផ្សេងៗទៀត បានយល់ដឹងនិងប្រតិបត្តិតាម។
ការបញ្រ្ជាបការយល់ដឹង និងជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថាន ដល់ស្រទាប់យុវជន ប្រជាសហគមន៍ សាធារណជន គឺជាសញ្ញាណវិជ្ជមានបំផុសឱ្យចូលរួមស្រលាញ់ធម្មជាតិ គាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការរស់នៅដោយចីរភាពសម្រាប់ជាឧត្តម ប្រយោជន៍ យូរ អង្វែង របស់ប្រជាជនកម្ពុជា។ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបានផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពល និងសម្រស់នៃធនធានធម្មជាតិ ជីវចម្រុះ នៅកម្ពុជាបានចំនួន ៥០វីដេអូ ដែលទទួលបាននូវការចាប់អារម្មរណ៍ យ៉ាងខ្លាំងពីសាធារណៈជនតាមរយៈកម្រងរូបភាពដ៏ល្អត្រកាលនេះ។ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងប្រតិបត្តិករបរិស្ថានទាំងអស់ ដែលបានរួមគ្នាយ៉ាងសកម្មចំពោះបុព្វហេតុបរិស្ថាន កាយវិការនេះគឺស្តែងឱ្យឃើញនូវការយល់ពីកាតព្វកិច្ចទាំងអស់គ្នាដើម្បីកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព ។
ឯកឧត្តម រដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្នក្រសួងបរិស្ថានបានផ្លាស់ប្តូរយុទ្ធសាស្រ្តក្នុងកិច្ចការងារបរិស្ថាន ក្រៅពីការអនុវត្តក្នុងក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តបរិស្ថានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងក៏បានបញ្ជ្រាបចំណេះដឹងបរិស្ថាន សំដៅប្រតិបត្តិមេត្រីភាពបរិស្ថាន ដើម្បីឱ្យប្រជាពលរដ្ឋកម្ពុជាមានផ្នត់គំនិតវិជ្ជមានចំពោះបរិស្ថាន តាមរយៈការផ្សព្វផ្សាយ រូបភាព ការផលិតនូវវីដេអូឯកសារ និង បទចម្រៀងបរិស្ថាន ដែលបង្ហាញពីសម្រស់ធនធានធម្មជាតិ ជីវចម្រុះ ទេសភាពស្រុកយើង តំបន់ទេសភាពកម្រ ពពួកសត្វស្លាប សត្វព្រៃកម្រ និងជិតផុតពូជជាដើម។ការងារនេះ ស្របពេលដែលកម្ពុជាកំពុងទទួលបានផ្លែផ្កានៃសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋកម្ពុជាកាន់តែយល់ដឹងពីសុខុមាលភាព សេចក្តីថ្លៃថ្នូរក្នុងការរស់នៅ ជាសង្គមស៊ីវិល័យ ចង់បានបរិស្ថានស្អាត ទើបបង្កលក្ខណៈឱ្យការបញ្ជ្រាបនូវចំណេះនៃកិច្ចគាំពារបរិស្ថានយើង ទទួលបានប្រសិទ្ឋភាពខ្ពស់។
ឯកឧត្តមបានបន្ថែមទៀតថា ដើម្បីឱ្យការគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្រសួងបរិស្ថានបានធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាម សំណល់រឹងទៅថ្នាក់ក្រោមជាតិ ទាំងបច្ចេកទេស និងថវិកា ។
ជាងនេះទៅទៀត ក្រសួងបរិស្ថានក៏បានជំរុញ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្សព្វផ្សាយតំបន់អេកូទេសចរណ៍ សំដៅធ្វើឱ្យសេដ្ឋកិច្ចមូលដ្ឋានកាន់តែល្អប្រសើរ កាត់បន្ថយសម្ពាធបរិស្ថាន។នៅក្នុងឱកាសនោះដែរ ក្រៅពីប្រគល់បណ្ណមេត្រីភាពបរិស្ថានដល់នីតិបុគ្គល និងរូបវន្តបុគ្គល ទាំង៣៣រូបក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថានក៏បានប្រគល់បណ្ណមេត្រីភាពបរិស្ថានដល់អ្នកនិពន្ធបទភ្លេង អ្នកផលិតចម្រៀង និងអ្នកចម្រៀងបរិស្ថានផងដែរ ។
គួរបញ្ជាក់ថា កាលឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានដល់ប្រតិបត្តិគំរូ ចំនួន១២រូប ជូនដល់ក្រុមការងារពាក់ព័ន្ធ នឹង គម្រោងរេដបូកជាតិ (REED+) ចំនួន ៤៨០រូប មន្រ្តីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ មន្ទីរពាក់ព័ន្ធ និង យុវជន សហភាព សហព័ន្ធយុវជនកម្ពុជា ដែលចូលរួមធ្វើអនាម័យបរិស្ថានក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាឆ្នាំ២០១៩ ចំនួន៧០។ នាពេលថ្មីៗនេះផង ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី បានប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានជូនដល់អ្នកថតរូប មេត្រីភាពបរិស្ថានឆ្នើមចំនួន ៣២រូប។ទន្ទឹមគ្នានេះដែរ នាពេលកន្លងទៅនេះក្រុមការងារ បាន ចុះផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានទៅដល់ទីតាំងរបស់ប្រតិបត្តិករផ្ទាល់មានដូចជា សាលារៀន វត្តអារាម រោងចក្រសហគ្រាស និងធនាគារ សរុបចំនួន០៩ ប្រតិបតិ្តករ ក្នុងនោះដែរមានរូបវន្តបុគ្គលចំនួន០២រូប និងនីតបុគ្គលចំនួន ០៧៕