អាជ្ញាធរក្រុងព្រះសីហនុបើកផ្លូវ មួយខ្សែដើម្បីបញ្ជៀសការ កកស្ទះចរាចរណ៍អំឡុងការអភិវឌ្ឍផ្លូវ៣៤ខ្សែ
ខេត្តព្រះសីហនុ ៖ នៅក្នុងក្រុងព្រះសីហនុមួយរយៈកន្លងមកនេះមានការកកស្ទះ ដោយមានការអភិវឌ្ឍផ្លូវ៣៤ខ្សែ និងផ្លូវ១១ ខ្សែបន្ថែមទៀតផងដែរ ហេតុនេះហើយទើបអាជ្ញាធរក្រុងព្រះសីហនុបានបើកផ្លូវមួយខ្សែទៀតដែលជាផ្លូវប្លង់ប្រព័ន្ធស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ដែលមានប្រវែង៣៥០ម៉ែត្រ ទទឹង៦ម៉ែត្រ ដោយដឹកនាំ លោក ជួប សីហា ជាមន្ត្រីសាលាក្រុងបាននាំកម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ និងក្រុមបច្ចេកទេសនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។
លោក ជួប សីហា ជាមន្ត្រីសាលាក្រុង តំណាងឲ្យលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានឲ្យដឹងថា មួយរយៈកន្លងមកនេះ ក្រុងព្រះសីហនុ មានការអភិវឌ្ឍផ្លូវគ្រប់ទីកន្លែង ដើម្បីសម្រួលចរាចរណ៍ ហើយលោកបានបន្តទៀតថា ក្នុងការចុះមកបើកផ្លូវលេខ៨១៤២នេះ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ឲ្យធ្វើការបើកផ្លូវមួយខ្សែនេះ ងាយស្រួលបញ្ជៀសនៃការកកស្ទះចរាចរណ៍ក្នុងក្រុងព្រះសីហនុ។
ជាចុងក្រោយលោក ជួប សីហា មន្ត្រីសាលាក្រុង បានសូមអំពាវនាវ ដូចជាសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុ បានសាងសង់លំនៅឋានដូចជាសំយ៉ាបផ្ទះលើផ្លូវសាធារណៈ និងលើអូរប្រឡាយមួយចំនួន សូមឱ្យបងប្អូនធ្វើការរុះរើចេញដោយខ្លួនឯង ហើយក្នុងនាមលោកជាមន្ត្រីសាលាក្រុង សំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលយកផ្លូវសាធារណៈ និងអូរប្រឡាយជាសម្បត្តិរបស់ខ្លួន សូមធ្វើការរុះរើចេញចេញ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ និងស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុ ហើយបញ្ជៀសជំនន់ទឹកភ្លៀងនៃរដូវវស្សាខាងមុខនេះ។
ក្នុងការបើកផ្លូវមួយខ្សែខាងលើនេះលោកអ៊ុំប្រុសម្នាក់ឈ្មោះ អែល ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះ បានប្រាប់ឲ្យដឹងថា កន្លងមកអាជ្ញាធរក្រុង.ខេត្តព្រះសីហនុបានចុះមកធ្វើការសិក្សាម្ដងជាពីរដងរួចមកហើយលុះមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ អាជ្ញាធរក្រុងបានចុះធ្វើការឈូសឆាយបើកផ្លូវមួយ ខ្សែនេះដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុ ងាយស្រួលធ្វើដំណើរ ហើយក្នុងនាមលោកដែលជាប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវខាងលើនេះ លោកមានការសប្បាយចិត្តខ្លាំងណាស់ដែលបានអាជ្ញាធរបានបើកផ្លូវ និងចូលរួមសហការជាមួយអាជ្ញាធរក្រុង.ខេត្តដើម្បីស្ថាបនាផ្លូវមួយខ្សែនេះឱ្យបានសម្រេចជាស្ថាពរ៕