ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរងស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃ៤កើត ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរងស្រុកម៉ាឡៃ ដោយលោកឌៀប ឈួន ត្រូវបានទទួលមុខតំណែងថ្មីជាអភិបាលស្រុកម៉ាឡៃ និងលោកស្រី ជុំ រស្មី អភិបាលរងស្រុកម៉ាឡៃ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន ឯកឧត្តម សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ និង លោក លោកស្រី មន្ត្រីរាជការសាលាខេត្ត-ស្រុក មន្ទីរ អង្គភាព-ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ ជាន់ថ្នាក់ជាច្រើនផងដែរ។
ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុម ប្រឹក្សាស្រុក គណៈអភិបាលស្រុក អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងអង្គភាពពាក់ព័ន្ធ ក្នុងស្រុកទាំងអស់ដែលបានរួមសាមគ្គីសហការគ្នា ខិតខំ ប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបាន ជំរុញការអភិវឌ្ឍស្រុកឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខ សណ្ដាប់ សាធារណៈសង្គមបានល្អប្រសើរ នាពេលកន្លងមកនេះ។
ជាមួយនេះដែរ ឯកឧត្តមក៏បានថ្លែងនូវការអបអរសាទរ និងបានផ្ដាំផ្ញើដល់អភិបាលអភិបាលរងស្រុក ដែលទើបទទួលការតែងតាំងមុខតំណែងថ្មី ត្រូវប្រកាន់ខ្ជាប់នូវសាមគ្គីភាព ផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការចូលរួមក្នុងដំណើរការអភិវឌ្ឍមូលដ្ឋាន ឱ្យមានការ ផ្លាស់ប្តូររីកចម្រើនថែមទៀត។ ដោយឡែកអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រ ដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្តចាត់តាំងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស ច្បាប់ និងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ធ្វើយ៉ាងណាបង្ការទប់ស្កាត់និងបង្ក្រាបឱ្យ បានចំពោះបទល្មើសគ្រប់ប្រភេទជាពិសេស បទល្មើសប្លន់ប្រដាប់អាវុធ គ្រឿងញៀន ល្បែង ស៊ីសង និងត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានល្អប្រសើរជាមួយប្រទេសជិតខាងយើង គឺប្រទេសថៃ។ ពិសេសស្រុកដែលមានភូមិសាស្ត្រជាប់គ្នាដើម្បីរួមគ្នាថែរក្សាសន្តិសុខសណ្ដាប់ ធ្នាប់ព្រំដែន និងការបង្ការទប់ស្កាត់បទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ។ ត្រូវបង្កើនការចុះធ្វើ វេទិកាសាធារណៈស្តីពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឱ្យបានទូលំទូលាយ ដើម្បីធ្វើ យ៉ាងណាឱ្យប្រជាពលរដ្ឋបានយល់ច្បាស់ហើយចូលរួមទាំងអស់គ្នា។ ការងារដែលសំខាន់ ទៀតនោះហើយត្រូវតែរួមគ្នាគិត រួមគ្នាធ្វើ ក្នុងការបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយត្រូវ អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវិធានក្រសួងសុខាភិបាល។ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្តល់ សេវារដ្ឋបាល និងសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ឱ្យបានលឿនទាន់ពេលវេលា ដើម្បី បង្កើនជំនឿរបស់ប្រជាពលរដ្ឋ លើការដឹកនាំរបស់រាជរដ្ឋាភិបាល សំដៅចូលរួមអភិវឌ្ឍន៍មូល ដ្ឋានយើងឱ្យកាន់តែមានការរីកចម្រើនថែមទៀត ។
ឯកឧត្តម អ៊ុំ រាត្រី បានធ្វើការក្រើនរម្លឹកដោយជំរុញដល់មន្ត្រីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ ជាន់ថ្នាក់ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព និងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើនធ្វើ ឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខសាន្ដ មានជីវភាពកាន់តែធូរធារបន្ថែមទៀត៕