ព័ត៌មានជាតិ

លោក ខៀវ វិចិត្រ បញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋមានបំណងចង់ដាក់ពាក្យស្នើសុំសាងសង់លំនៅឋាន ឬជួសជុលតូចតាច និងសំណើផ្សេងៗ អាចមកដាក់ពាក្យនៅច្រកចេញ-ចូលទាំង៦របស់អាជ្ញាធរជាតិអប្សរា

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​រមណីយ​ដ្ឋា​ន​អង្គរ អាច​ស្នើសុំ​ការសាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន ដោយ​គ្រាន់តែ​គោរព​ទៅតាម​លក្ខខណ្ឌ​ដែល​បាន​កំណត់ដោយ​ច្បាប់ ដែល​បាន​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​រក្សាបាន​នូវ​ទេសភាព​វប្បធម៌ អត្តសញ្ញាណ​ខ្មែរ បុរាណ​ដ្ឋា​ន​ត្រូវការពារ និង​ចៀសវាង​ការបំផ្លាញ​ផ្សេងៗ​នៅក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​។​

​លោក ខៀវ វិចិត្រ មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​រៀបចំ​ដែនដី និង​គ្រប់គ្រង​លំនៅឋាន​ក្នុង​តំបន់​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃ​៨​កើត ខែ​មិគសិរ ឆ្នាំជូត ទោ ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែវិច្ឆិកា​ឆ្នាំ ២០២០​ថា បើ​ប្រជាពលរដ្ឋ​មានបំណង​ចង់​ដាក់ពាក្យ​ស្នើសុំ​សាងសង់​លំនៅឋាន ឬ​ជួសជុល​តូចតាច និង​សំណើ​ផ្សេងៗ អាចមក​ដាក់ពាក្យ​នៅ​ច្រកចេញ​-​ចូល​ទាំង​៦​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​មន្ត្រី បុគ្គលិក ប្រចាំការ​នៅ​ទីនោះ​ចាំ​ប្រឹក្សា​យោបល់​អំពី​ឯកសារ​ដែល​ត្រូវ​ភ្ជាប់​មកជា​មួយ ដូចជា លិខិត​កាន់កាប់​ដីធ្លី​ស្របច្បាប់ សៀវភៅ​គ្រួសារ សំបុត្រកំណើត ប្លង់ដី និង​អត្តសញ្ញាណប័ណ្ណ​។ ពេល​បាន​លិខិត​អនុ ញ្ញាត ក្រុមការងារ​នឹង​ចុះមក​ពិនិត្យ​ទីតាំង​ផ្ទាល់ រួមទាំង​តាមដាន​សកម្មភាព​សាងសង់​ថា ត្រឹមត្រូវ ឬ​ខុសពី​លក្ខខណ្ឌ​ដែល​បានស្នើ​សុំ​។ បើ​ក្នុងករណី​ប្រជាពលរដ្ឋ​ដែល​គោរព​តាម​គោលការណ៍​ក្នុងការ​ស្នើសុំ អាជ្ញាធរ​ជាតិ​អប្សរា​នឹងមាន​លិខិត​សរសើរ​ជូន​ដល់​ពួកគាត់​ដែល​បាន​ចូលរួម​លើកស្ទួយ​តម្លៃ​តំបន់​អង្គរ ហើយ​រាល់​ការដាក់​ពាក្យស្នើសុំ គឺ​ពុំមាន​បង់​ថវិកា​ឡើយ ។​

​យោងតាម​ការ​ឱ្យដឹងពី​សំណាក់​លោកតា កែវ ផៃ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​ទើប​សង់ផ្ទះ​រួច​បាន​មានប្រសាសន៍ថា ខ្ញុំ​បានស្នើ​សុំច្បាប់​សាងសង់​ផ្ទះ​មិនមាន​ការលំបាក​ទេ ត្រឹមតែ​១​ខែ គេ​ចេញ​ច្បាប់​ឱ្យធ្វើ ព្រោះ​ខ្ញុំ​មាន​ឯកសារ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បានកំណត់​ដូចជា ខ្ញុំ​ជា​អ្នកស្រុក​ចាស់​រស់នៅ​តាំងពី​ឆ្នាំ​១៩៨០​មក ហើយ​មាន​ខ្នង​ផ្ទះ​ចាស់ មាន​ឯកសារ​កាន់កាប់​ដីធ្លី​ស្របច្បាប់ មាន​សៀវភៅ​គ្រួសារ និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​។ មុន​និង​ក្រោយ​ការអនុញ្ញាត​ច្បាប់​សាងសង់ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះមក​ពិនិត្យ ថតរូប ក៏ដូចជា​ប្រឹក្សា​យោបល់​ផ្សេងៗ​។​

​ចំណែក​លោក សួង ដា​នី ដែលជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អូរទទឹង​ដែរនោះ បាន​លើកឡើងថា ខ្ញុំ​បាន​សុំច្បាប់​សាងសង់​តាមរយៈ​មេភូមិ ហើយ​មិនមាន​ជួប​ការលំបាក​អី​ទេ ព្រោះ​ខ្ញុំ​ភ្ជាប់​ជាមួយ​ឯកសារ​ដែល​គេ​ត្រូវការ​ត្រឹមត្រូវ​។ មិនតែប៉ុណ្ណោះ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួយ​សម្របសម្រួល គូស​ប្លង់​បច្ចេកទេស និង​រចនាបទ​ផ្ទះ​បែប​ខ្មែរ​ឱ្យ​ខ្ញុំ​ទៀតផង​។ ចំពោះ​ការដាក់​ពាក្យស្នើសុំ​វិញ ក៏​ពុំមាន​ការបង់ប្រាក់​ដែរ ហើយ​ខ្ញុំ​ក៏​គោរព​ទៅតាម​ការស្នើសុំ​ទាំង​ម៉ូត​ផ្ទះ ទំហំ របង មិនឱ្យ​លើសពី​ច្បាប់​ស្នើសុំ​នោះទេ​។ លោក ដា​នី ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ឧទ្យាន​អង្គរ​ទាំងអស់ មុន​ធ្វើ​ផ្ទះ ធ្វើ​សំណង់​អ្វីមួយ​ត្រូវគោរព​តាមច្បាប់ ត្រូវមាន​ឯកសារ​គ្រប់គ្រាន់ និង​ស្របតាម​លក្ខខណ្ឌ​កំណត់​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នោះ មិនមាន​ផល​លំបាក​ក្នុងការ​ស្នើសុំ​សាងសង់​ទេ ហើយ​ចៀសវាង​ការ​លួច​ធ្វើតាម​ចិត្ត​ឯង ដែលនាំឱ្យ​ប៉ះពាល់​ដល់​តម្លៃ​រមណីយ​ដ្ឋា​ន​អង្គរ​និង​ផលប្រយោជន៍​របស់ខ្លួន​៕

 

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button