ព្រះមហាក្សត្រ និងសម្ដេចម៉ែ ព្រះរាជទានទ្រព្យ ចំនួន១លានដុល្លារ ជូនរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩
រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន វិភាគទានដ៏វិសេសវិសាលនូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ១លានដុល្លារ ជូនរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។
ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រខ្មែរ និងសម្ដេចម៉ែ បានប្រគល់ជូនរាជរដ្ឋាភិបាល តាមរយៈលោកសាស្ដ្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ។
គួរជម្រាបថា ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោស ព្រះរាជទានវិភាគទានដ៏វិសេសវិសាលនូវព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕