ព្រោះតែញៀនថ្នាំដល់កំពូល ខណៈប្រពន្ធមិននៅផ្ទះ បុរសជាប្តីដុតបានបំផ្លាញផ្ទះខ្ទេចគ្មានសល់ អ្នកសង្គ្រោះក៏ជួយមិនទាន់ដែរ.!
ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ មានបុរសម្នាក់ដែលជាមនុស្សប្រើប្រាស់គ្រឿងញៀ.ន បានធ្វើសកម្មភាពដុតកម្ទេចផ្ទះខ្លួនឯង បណ្តាលឱ្យឆេះហ្មត់ ខណៈពេលប្រពន្ធមិននៅផ្ទះ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅដាក់ពន្ធនាគារតែម្តង ។
សេចក្តីរាយការណ៍បន្តថា បុរសរូបនោះមានឈ្មោះ សុខ ឡាន ហៅ ដេត អាយុ៣៣ឆ្នាំ រស់នៅភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
សេចក្តីរាយការណ៍ឲ្យដឹងទៀតថា ផ្ទះដែលឆេះខាងលើនោះ គឺ២ខ្នង ធ្វើអំពីឈើ ដែលមានទទឹង៧ម៉ែត្រ បណ្តោយ៩ម៉ែត្រ ប្រក់សង្គ័សី ជញ្ជាំងក្តារ និងសម្ភារៈនៅក្នុងផ្ទះឆេះខូចខាតទាំងស្រុង ដោយសារតែអំណាចព្រះអគ្គីលាយឡំខ្យល់ផងនោះ មិនទាន់បានប៉ុន្មានម៉ោងផង ផ្ទះមួយខ្នងនេះក៏បានក្លាយជាផេះផង់ សូម្បីតែរថយន្តពន្លត់អគ្គិភ័យក៏ទៅសង្គ្រោះមិនទាន់ដែរ ព្រោះតែផ្លូវតូចចង្អៀតធ្វើឱ្យរថយន្តចូលទៅមិនដល់ ហើយផ្ទះដែលត្រូវឆេះ គឺនៅឆ្ងាយដាច់ស្រយាលពីអ្នកស្រុងភូមិទៀត។
ប្រភពដដែលបន្តថា នៅពេលដុតផ្ទះឆេះហ្មត់ហើយ ជនបង្កក៏បានរត់គេចខ្លួនចូលព្រៃបាត់ ព្រមទាំងនាំកូនប្រុស២នាក់ទៅជាមួយផងដែរ។
តែទោះជាយ៉ាងណាក្តី ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ប៉ិក គិមហ៊ាក់ អធិការនគរបាលស្រុកភ្នំស្រុក បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលណាំតៅ ចុះដល់កន្លែងកើតហេតុពិនិត្យ និងស្រាវជ្រាវស្វែងរកមុខជនបង្ក រហូតដល់ម៉ោង១១យប់ថ្ងៃដដែល ទើបឃាត់ខ្លួនជនសង្ស័យ និងនាំទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
នេះហើយជាឥទ្ធិពលគ្រឿងញៀ.នដែលបានធ្វើឲ្យមនុស្សវង្វេងវង្វាន់ រហូតបាត់បង់ស្មារតី សូម្បីផ្ទះខ្លួនឯងដែលខិតខំប្រឹងប្រែងសាងសង់ធ្វើជាទីជម្រក ក៏ត្រូវដុតបំផ្លាញដែរ រួមទាំងសម្ភារៈ សម្លៀកបំពាក់ក៏ត្រូវឆេះហ្មត់អស់ដែរ ដូច្នេះសូមចៀសឲ្យឆ្ងាយពីគ្រឿងញៀ.ន៕