ក្រុមការងារផលិត និងផ្សាយកម្មវិធី សិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក រវាងក្រសួងព័ត៌មាន និងក្រសួងអប់រំចាប់ផ្ដើមបើកកិច្ចប្រជុំលើកទី១
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន បានរៀបចំកិច្ចប្រជុំលើកទី ១ របស់ក្រុមការងារផលិត និងផ្សាយកម្មវិធីសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិករវាងក្រសួងព័ត៌មាន និងក្រសួងអប់រំយុវជននិងកីឡា ដើម្បីពិនិត្យការងារ និងពិភាក្សាការងារ និងការអនុវត្ត ។
ក្រុមការងារបច្ចេកទេស ផលិត និងផ្សាយកម្មវិធី សិក្សាពីចម្ងាយ និងការសិក្សាតាម ប្រព័ន្ធអេឡិចត្រូនិក គឺភាគីក្រសួង ព័ត៌មាន ដឹកនាំដោយ ឯកឧត្ដម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ខាងភាគី ក្រសួងអប់រំយុវជន និងកីឡា ដឹកនាំ ដោយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា។ ជាជំហ៊ានដំបូង ក្រសួង អប់រំ ជាអ្នកផលិតរាល់មុខវិជ្ជាកម្មវិធីបង្រៀន ហើយយកមក ចាក់ផ្សាយនៅទូរទស្សន៍ជាតិកម្ពុជា និងApp ក្រសួង ព័ត៌មាន ។
ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានបញ្ជាក់ថា ក្នុងដំណាក់កាលដែល មានការបិទសាលារៀននៅទូទាំងប្រទេស ដោយសារការព្រួយបារម្ភពីការឆ្លងនៃមេរោគកូវីដ-១៩ ហើយសិស្សានុសិស្ស មិនបានមករៀននៅសាលានោះ ក្រសួង ព័ត៌មាន សហការជាមួយ ក្រសួង អប់រំ យុវជន និងកីឡា បានរៀបចំជាកម្មវិធី បង្រៀនពីចម្ងាយ E-LEARNING DISTANCE LEARNING នូវចំណេះដឹងទូទៅ សម្រាប់កុមារតូច រហូតដល់ធំ តាមរយៈការចាក់ផ្សាយ តាមប្រព័ន្ធ Internet App ក្រសួងព័ត៌មាន តាមរយៈប្រព័ន្ធទូរទស្សន៍ផ្កាយរណបតេជោ ឌីធីវី ប៉ុស្តិ៍ TVK 2 ដែលអាចឱ្យសិស្សានុសិស្សបើកមើលបានដោយឥតគិតថ្លៃ ហើយជាជំហ៊ានទៅមុខទៀត ក៏គ្រោងទៅស្ថានីយទូរទស្សន៍ខ្សែកាប នៅរាជភ្នំពេញ និងតាមបណ្តាខេត្ត ផងដែរ។
បើតាមការបញ្ជាក់របស់ មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួង ព័ត៌មាន បានលើកឡើងថា កិច្ចប្រជុំលើកទី ១ នេះឡើងស្របតាមអនុស្សរណៈនៃ ការយោគ យល់រវាង ក្រសួង អប់រំ យុវជន និងកីឡា និងក្រសួងព័ត៌មានស្តីពីការរៀបចំផលិត និង ផ្សព្វផ្សាយ កម្មវិធី« ការសិក្សាពីចម្ងាយ Distance Learning» និង «ការសិក្សាតាមប្រព័ន្ធ អេឡិចត្រូនិក E-Learning» លើប្រព័ន្ធទូរទស្សន៍ជាតិកម្ពុជា និង App ក្រសួងព័ត៌មាន ត្រូវបានធ្វើពិធី ចុះហត្ថលេខាដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា។ ដូច្នេះ កិច្ចប្រជុំនាព្រឹកនេះ គឺធ្វើការពិភាក្សាឈានទៅធ្វើការឯកភាពគ្នា សម្រេចចាក់ផ្សាយកម្មវិធីរៀនពីចម្ងាយ និងការសិក្សា តាម ប្រព័ន្ធអេឡិចត្រូនិក តាមរយៈការចាក់ផ្សាយនៅទូរទស្សន៍ជាតិកម្ពុជា TVK 2 ដែលមាននៅក្នុងប្រព័ន្ធទូរទស្សន៍ Satellite តេជោ DTV និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ បែប ទំនើប App ក្រសួងព័ត៌មាន ដោយកំណត់យកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ជាថ្ងៃដំបូង នៃ ការចាក់ផ្សាយ ចាប់ពីម៉ោង ៦ ព្រឹក ដល់១០យប់ និងមានការចាក់ផ្សាយឡើងវិញ រហូតដល់ ព្រឹកវិញ គឺ ២៤ ម៉ោង ជារៀងរាល់ថ្ងៃ។ សម្រាប់កម្មវិធិសិក្សាដែលគ្រោងធ្វើការចាក់ផ្សាយ មានការបង្រៀនពីថ្នាក់ទី ១ ដល់ថ្នាក់ទី១២ ។
ឯកឧត្ដម បាន ភុធ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានគ្រប់គ្រង ក្រុមហ៊ុនទូរទស្សន៍ Satellite តេជោ DTV ប្រចាំកម្ពុជា បានបញ្ជាក់ពីកិច្ចសហការជាមួយ ក្រសួងព័ត៌មានកម្ពុជា ក្នុងការបង្រៀនពីចម្ងាយ E-Learning តាមរយៈការផ្សាយផ្ទាល់តាម ទូរទស្សន៍ តេជោ DTV ដែលពេលនេះខាង ក្រុមហ៊ុនបានត្រៀមរួចរាល់អស់ហើយ ក្នុងការ ជួយលើផ្នែកបច្ចេកទេស ការផ្សាយ តាមរលកធាតុអាកាស និងប្រព័ន្ធផ្សព្វផ្សាយសង្គម ។ ឯកឧត្ដមបានបន្ដថា កិច្ចការងារនេះ ក្រុមហ៊ុនធ្លាប់បានធ្វើនៅក្នុងប្រទេសថៃកាល ពីជាង ១០ ឆ្នាំមុន ហើយទទួលបានជោគជ័យ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានធ្វើកិច្ចសហការជាមួយ ក្រុមការងារ App ក្រសួងព័ត៌មាន ដើម្បីផ្សាយការបង្រៀនពីចម្ងាយ ហើយសង្ឃឹមថា នឹងទទួលបានការគាំទ្រច្រើនពីសិស្សានុសិស្ស និងប្រជាពលរដ្ឋ ដោយសារបច្ចុប្បន្ននៅកម្ពុជា មានអតិថិជនប្រើប្រាស់ប្រព័ន្ធទូរទស្សន៍ Satellite តេជោ DTV ចំនួនប្រមាណ ៨ សែនគ្រឿង បើគិតអ្នកដែលទស្សនាវិញគឺមាន ប្រមាណ ជិត ៣ លាននាក់ ៕