រាជរដ្ឋាភិបាលកំពុងរៀបចំយន្ដការគ្រប់គ្រងស្ថានភាពពលករចំណាកស្រុក ដើម្បីប្រឆាំងជំងឺកូវីដ-១៩ បន្ទាប់ពីពិភពលោកកំពុងរាតត្បាត
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកំពុងរៀបចំយន្ដការគ្រប់គ្រងស្ថានភាពពលករចំណាកស្រុក ដើម្បីប្រឆាំងជំងឺកូវីដ-១៩ បន្ទាប់ពី ពិភពលោកកំពុងរាតត្បាតជំងឺនេះយ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានប្រសាសន៍ថា សម្ដេចក្រឡាហោម ស ខេង បានដាក់ផែនការចំពោះមុខដល់ក្រុមការងារប្រឆាំងជំងឺកូវីដ១៩ និងក្រុមការងាររក្សាសន្ដិសុខស្បៀងនឹងធ្វើការងារបន្ដទៀតជាមួយគ្នា ដើម្បីរៀបចំធ្វើជាគោលនយោបាយជាតិ និងផែនការជាតិសម្រាប់អនុវត្ដជាយុទ្ធសាស្រ្ដយូរអង្វែង ដែលឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែងរបស់ពលករចំណាកស្រុកក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ ។
ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុកក្នុងស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកជំទាវបានបញ្ជាក់ថា ក្រសួងមហាផ្ទៃក៏បានជំរុញការពង្រឹងនៅតាមថ្នាក់មូលដ្ឋាន និងដោះស្រាយពលករចំណាកស្រុក ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំជាសកម្មភាពបន្ទាន់នៅតាមខេត្ដមួយចំនួន សម្រាប់ធ្វើជាគោលនយោបាយជាតិក្នុងកំឡុងពេល និងក្រោយកូវីដ១៩បញ្ចប់ទៅ ដែលបានបង្កផលប៉ះពាល់។
សូមបញ្ជាក់ថា គិតរហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមានពលករចំណាកស្រុកវិលត្រឡប់មកស្រុកខ្មែរ មានប្រមាណជាង ៨ម៉ឺននាក់ ហើយក៏មានពលករមួយចំនួនគ្មានលទ្ធភាពផ្គត់ផ្គង់ជីវភាព ក្នុងគ្រួសារផងដែរ ៕