ការផលិតអំបិលឆ្នាំនេះទទួលបានទិន្នផលខ្ពស់ ដោយសារកត្តាអាកាសធាតុអំណោយផល ទោះបីជាកម្ពុជាកំពុងតែជួបនូវជម្ងឺ កូវីដ-១៩ ក៍ដោយ
ខេត្តកំពត ៖ ប្រធានសហគមន៍ផលិតអំបិលខេត្តកំពត អះអាងថា ការផលិតអំបិលឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់ ដោយសារកត្តាអាកាសធាតុអំណោយផល ទោះបីជាកម្ពុជាកំពុងតែជួបនូវជម្ងឺ កូវីដ-១៩ ក៍ដោយ។
លោក ប៊ុន បារាំង ប្រធានសហគមន៍ផលិតអំបិលខេត្តកំពតបានឲ្យដឹងថា ការផលិតអំបិលក្នុងឆ្នាំនេះ មានការកើនឡើងជាងឆ្នាំទៅ ដោយសារតែមានពលកម្មគ្រប់គ្រាន់ ព្រមទាំងអាកាសធាតុក៍អំណោយផលល្អ។ លោកបានបន្តថា ចំពោះផ្ទៃដីនៃការផលិតអំបិលមានចំនួនជាង៤ពាន់ហិចតា និងមានប្រជាពលរដ្ឋផលិតអំបិលចំនួន២០០ក្រុមសាមគ្គី ដោយរាប់បញ្ជូលទាំងខេត្តកែបនិងកំពត។ លោកបានបញ្ជាក់ថា ក្នុងឆ្នាំនេះការផលិតអំបិលក្នុងខេត្តកំពតទទួលបានផលច្រើន ដូច្នេះគឺអាចគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ការប្រើប្រាស់ក្នុងស្រុក។ ឆ្នាំនេះផលិតបានច្រើន ដោយសារអាកាសធាតុអំណោយផលល្អមេឃក្តៅល្អ។ឆ្នាំនេះអត់អីទេ មិនអាចខ្វះខាតទេឆ្នាំនេះគ្រប់ ។ ការផលិតអំបិលនេះអាស្រ័យទៅលើអាកាសធាតុ ដោយសារអាកាសធាតុមានកម្តៅល្អធ្វើឲ្យឆ្នាំនេះផលិតអំបិលបានច្រើន ។ បើអាកាសធាតុមិនអំណោយផលការផលិតអំបិល យើងធ្វើអត់បានទេដូច២ឆ្នាំកន្លងទៅយើងធ្វើអត់បានសោះ ដោយសារភ្លៀងធ្លាក់ពេញរដូវ ចំពេលផលិត។ ឆ្នាំនេះដោយសាររាំងតាំងពីខែ១មករហូតដល់ដើមខែ៤ បានមានភ្លៀងធ្លាក់ ចឹងយើងផលិតអំបិលបានច្រើនក្នុងអំឡុងរយៈពេល៣ខែនេះ។
លោក អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ងាកមកប្រើប្រាស់អំបិលធម្មជាតិ ដែលផលិតពីទឹកសមុទ្រ ដែលអាចជួយឲ្យពួកគាត់មានសុខភាពល្អ ពិសេសចំណាយថវិកាតិច៕