ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធប្រើប្រាស់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ជាទីការអប់រំលើកកម្ពស់សីលធម៌សង្គម និងបដិបត្តិធុរពុទ្ធសាសនា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធប្រើប្រាស់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាផ្ដល់ជាប្រយោជន៍ធំបំផុតសម្រាប់សេដ្ឋកិច្ច ជាពិសេសការទាក់ទាញភ្ញៀវទេសចរវប្បធម៌ ការអប់រំលើកកម្ពស់សីលធម៌សង្គម និងការប្រតិបត្តិធុរពុទ្ធសាសនា។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតីនាយករដ្ឋមន្ត្រី​អញ្ជើញជាអធិបតីសម្ពោធឆ្លង​ធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ថ្មម៉ាប១,១៧០ផ្ទាំង ផ្លូវបេតុង៩ខ្សែ និងសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា
ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
នាឱកាសនោះ សម្ដេចធិបតីបានណែនាំដល់ក្រសួងធម្មការនិងសាសនា និងក្រសួង-ស្ថាប័នពាក់ព័ន្ធសហការក្នុងការដាក់ចេញលក្ខណៈបច្ចេកទេស និងរចនាបថស្ដង់ដាសម្រាប់ការកសាងសំណង់ពាក់ព័ន្ធនឹងវិស័យសាសនា ដើម្បីធ្វើយ៉ាងណាឱ្យបានត្រឹមត្រូវសម្រាប់ទុកជាកេរមរតកដ៏មានតម្លៃសម្រាប់កូនចៅខ្មែរជំនាន់ក្រោយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្តកំពង់ស្ពឺត្រូវចូលរួមអភិវឌ្ឍន៍និងអភិរក្សបរិស្ថានធម្មជាតិ នៅមជ្ឈមណ្ឌលមជ្ឈមណ្ឌលព្រះពុទ្ធសាសនាកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត ដូចជាការថែទាំនិងការដាំដើមឈើបន្ថែម ការអភិរក្សសត្វព្រៃជាដើម។
សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ក្រៅពីការរួមគ្នាអភិរក្សនិងអភិវឌ្ឍន៍ យើងក៏ត្រូវរួមគ្នាបន្តថែរក្សាមជ្ឈមណ្ឌលនេះឱ្យមានបរិស្ថានល្អ បរិយាកាសរីកចម្រើន និងមានសុវត្ថិភាព ដើម្បីជាការទាក់ទាញភ្ញៀវទេសចរវប្បធម៌ ដើម្បីឱ្យទីកន្លែងនេះបានផ្ដល់ផលប្រយោជន៍ធំបំផុតសម្រាប់សេដ្ឋកិច្ច ជាពិសេសការទាក់ទាញភ្ញៀវទេសចរវប្បធម៌ ការអប់រំលើកកម្ពស់សីលធម៌សង្គម និងការប្រតិបត្តិធុរពុទ្ធសាសនា»។
សម្ដេចធិបតីបានស្នើដល់មជ្ឈមណ្ឌលព្រះពុទ្ធសាសនាកម្ពុជាឱ្យសហការជាមួយក្រសួងធម្មការនិងសាសនា ដើម្បីប្រើប្រាស់ទីកន្លែងនេះជាកន្លែងពហុវិស័យក្នុងការបម្រើផលប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា បូជនីយដ្ឋានទេសចរណ៍សាសនា និងជាកន្លែងបណ្ដុះគុណធម៌ សីលធម៌ សុជីវធម៌ និងបដិបត្តិសមាធិដល់យុវជននិងពុទ្ធបរិស័ទទាំងជាតិនិងអន្តរជាតិ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថា ទន្ទឹមនឹងការរីកចម្រើនលើគ្រប់វិស័យទាំងពុទ្ធចក្រ និងអាណាចក្រ ប្រជាជនកម្ពុជាគ្រប់រូបក៏ត្រូវមានកិច្ចការជាច្រើនទៀតដែលត្រូវចូលរួមអនុវត្ត ដើម្បីពង្រឹងវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែប្រសើរថែមទៀត៕

Related Articles

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button