លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង កំពុងឃុបឃិតឲ្យលោក អ៊ុ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង និងបក្ខពួកប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក..?
ខេត្តបាត់ដំបង៖ បេីតាមប្រភពបានឲ្យដឹងទៀតថា ក្រោយពេលលោក យូ ហេង ទទួលបានតំណែងជា ប្រធានសាខាគយខេត្តបាត់ដំបង គឺលោក អ៊ុ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ព្រមទាំងបក្ខពួកក៏មានឱកាសប្រព្រឹត្តអំពើពុករលួយយ៉ាងរាលដាលដែរ។ ឈ្មួញធំៗមួយចំនួនអាចនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិដូងកាន់តែច្រើនឡើង ព្រោះមានការឃុបឃិតបើកដៃពី សំណាក់លោក អ៊ុ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង ដែលល្បីល្បាញខាងពុករលួយ។
ក្រុមឈ្មួញនិងអាជីវករមួយចំនួនដែលរកស៊ីនាំចូលទំនិញពីប្រទេសសៀម តាមច្រកទ្វារអន្តរជាតិដូង បានឲ្យដឹងថា ទោះបីពួកគែបង់ពន្ធគយនៅច្រកព្រំដែនរួចហើយក៏ដោយ ក៏ត្រូវមន្ត្រីគយឈ្មោះ ជ័យ ជនតារា ដែលជាមនុស្សជំនិតរបស់លោក អ៊ុ ចាន់រតនា គាបយកលុយលើតុក្រោមតុមួយ ជាន់ទៀត យ៉ាងកំរោល។ ប្រការនេះធ្វើឲ្យពួកគាត់រកស៊ីស្ទើរគ្មាននៅសល់ផលចំណេញ ព្រោះមន្ត្រីគយ ប្រចាំស្នាក់ការការិយាល័យគយច្រកទ្វារអន្តរជាតិដូង គាបយកលុយតាមរបៀប ពុករលួយកាន់តែ ច្រើនឡើងៗ។ មន្ត្រីគយក្នុងខេត្តបាត់ដំបង មួយចំនួនបានឲ្យដឹងថា ការដែលលោក អ៊ុ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង និងបក្ខពួកឈ្មោះ ជ័យ ជនតារា ហ៊ានធ្វើអ្វីៗតាម អំពើចិត្តគឺដោយសារអាងមានលោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ជាបង្អែកដ៏រឹងមាំរបស់ពួកគេ។
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ
លោក អ៊ុ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើ ពុករលួយកាន់តែខ្លាំងក្លាជាងមុនហើយពួកគេប្រើឈ្មោះលោក យូ ហេង មេគយខេត្តបាត់ដំបង មកបិទបាំងយ៉ាងរលូន។
ហេតុនេះលោក អូន ពន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងអំពើ ពុករលួយ យ៉ាងពេញទំហឹងរបស់លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ដែលកំពុងល្បីល្បាញខាងពុករលួយនោះទេ។ ដោយហេតុថា មិនមែនតែលោក អ៊ុ ចាន់រតនា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិដូង នោះទេដែលលោក យូ ហេង ឃុបឃិតបើកដៃឲ្យធ្វើអ្វីៗតាមអំពើចិត្តគឺមន្ត្រីគយនៅតាមច្រកព្រំដែនក្នុងស្រុកសំឡូត ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ក៏លោក យូ ហេង បណ្តោយឲ្យប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដែរ ។ ជុំវិញករណីខាងលើនេះអ្នកសារព័ត៌មានយេីងមិនអាចទំនាក់ទំនង លោក យូ ហេង ប្រធានសាខាគយខេត្តបាត់ដំបង ដេីម្បីសុំការបំភ្លឺបាននៅឡេីយទេ ៕