សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ត្រៀមបញ្ជូនអត្តពលិក១៣នាក់ទៅហ្វឹកហាត់នៅក្រៅប្រទេស គឺប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង ដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួមប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣១ ឆ្នាំ២០២១ (SEA GAMES 2021 )
ចេញផ្សាយថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០
រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ត្រៀមបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួន ទៅធ្វើការហ្វឹកហាត់នៅប្រទេសចំនួន២ គឺប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង ដើម្បីត្រៀមលក្ខណៈសម្បត្តិចូលរួមប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣១ ឆ្នាំ២០២១ (SEA GAMES 2021)នៅប្រទេសវៀតណាម និងលើកទី៣២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក សំ សុខយី អគ្គលេខាធិការ នៃសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានឲ្យដឹងថា សហព័ន្ធត្រៀមលក្ខណៈបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅប្រទេសកូរ៉េខាងត្បូង ចាប់ពីខែវិច្ឆិកាឆ្នាំ២០២០ ដែលក្រុមនេះត្រៀមចូលរួមការប្រកួតកីឡាអូឡាំពិករដូវរងារ ឆ្នាំ២០២២ នៅទីក្រុងប៉េកាំងប្រទេសចិន និងបញ្ជូនទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣ ត្រៀមចូលរួមប្រកួតកីឡា SEA GAMES លើកទី៣១នៅប្រទេសវៀតណាមនិងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកបានបន្តថា សម្រាប់កម្មវិធីហ្វឹក ហាត់ប្រចាំថ្ងៃពីគ្រូបង្វឹក ត្រូវបន្តការហ្វឹកហាត់ខ្លួនឯងដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធ។ ជាមួយគ្នានេះ ត្រៀមពិនិត្យរកកីឡាករ-កីឡាការិនីប្រភេទទម្ងន់ធ្ងន់ និងទាក់ទងសហព័ន្ធលើកទម្ងន់វៀតណាម ក្នុងការត្រៀមខ្លួនជាស្រេច និងចំគោលដៅការប្រកួតកីឡា SEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ លោកអគ្គលេខាធិការបានបន្ថែមថា ត្រូវពិនិត្យក្នុងការជ្រើសរើសកីឡាករ-កីឡា ការិនី ត្រៀមបញ្ជូនហ្វឹកហាត់នៅប្រទេសកូរ៉េ និងត្រៀមធ្វើតេស្តឈុតធំ ត្រូវទៅហ្វឹកហាត់នៅចិន ដាក់ជូនថ្នាក់ដឹកនាំពិនិត្យនិងសម្រេច។
ការបញ្ជូនទៅហ្វឹកហាត់ប្រទេសកូរ៉េចាប់ពីខែវិច្ឆិកាឆ្នាំ២០២០ សម្រាប់ត្រៀមចូលរួមការប្រកួតកីឡារដូវរងារនៅប្រទេសចិនឆ្នាំ២០២២ មានចំនួន ៥នាក់រួមមាន កីឡាការិនី សេង ប៉ូរិន ប្រធានក្រុមក្នុងប្រ ភេទទម្ងន់ក្រោម៤៩គីឡូក្រាម កីឡាការិនី ស៊ឺន លីណា ក្នុងប្រភេទទម្ងន់ក្រោម៥៩ គីឡូក្រាម កីឡាករទឺម៉ាចក្នុងប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាម កីឡាករយិនសុវណ្ណក្នុងប្រភេទទម្ងន់ក្រោម៤៨គីឡូក្រាម និង កីឡាករ ឈាង ដេវិត ក្នុងប្រភេទទម្ងន់ក្រោម៦១គីឡូក្រាម។
ចំណែកក្រុមត្រៀមបញ្ជូនទៅហ្វឹកហាត់ប្រទេសចិន ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ សម្រាប់ចូលរួមការប្រកួតកីឡាSEA GAMES លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២១ចំនួន៨នាក់ដូចជា កីឡាករឆាំ ពិសិន ក្នុងប្រភេទទម្ងន់ក្រោម៧៣គីឡូក្រាម កីឡាករ ហេង វុទ្ធី ក្នុងប្រភេទទម្ងន់ក្រោម៨៩គីឡូក្រាម កីឡាករ ជឿម ពិសិដ្ឋក្នុងប្រភេទទម្ងន់ក្រោម៨១គីឡូក្រាម កីឡាការិនី រើន ស្រីនិតក្នុងប្រភេទទម្ងន់ក្រោម៦៤គីឡូក្រាម កីឡាការិនីខ្មែរអាមេរិក ឆេង សំនាង នៅអាមេរិកក្នុងប្រភេទទម្ងន់ក្រោម៥៥គីឡូក្រាម។កីឡាការិនី តាន់ ប៉ុចក្នុងប្រភេទទម្ងន់ក្រោម៤៩គីឡូក្រាម កីឡាករ ឌុច ប៊ុនរ័ត្នក្នុងប្រភេទទម្ងន់ក្រោម៧គីឡូក្រាម កីឡាករ សៀង សម្បត្តិក្នុងប្រភេទទម្ងន់ក្រោម៦១គីឡូក្រាម និងគ្រូបង្វឹក២នាក់៕