នៅទីបំផុតមេខ្លោងកាប់រានព្រៃ ហ៊ុព័ទ្ធ កាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ក្នុងខេត្តព្រះសីហនុ ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យតាមចាប់ខ្លួន ក្រោយពីរត់គេចខ្លួនបាត់
នៅទីបំផុតមេខ្លោងកាប់រានព្រៃ ហ៊ុព័ទ្ធ កាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ក្នុងខេត្តព្រះសីហនុ ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យតាមចាប់ខ្លួន ក្រោយពីរត់គេចខ្លួនបាត់។
សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោក ញ៉ក់ គឹមតុង ដែលត្រូវបានចោទប្រកាន់ពីបទ “កាប់រានព្រៃ ហ៊ុព័ទ្ធ កាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់” ប្រព្រឹត្តនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ បទល្មើសដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៩៧ នៃច្បាប់ស្តីពីព្រៃឈើ។
សូមជម្រាបថា ឈ្មោះ ញ៉ក់ គឹមតុង ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅ ក្រុមទី១៣ ភូមិស្លាបក្តោង (ជប់ក្រៅ) ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្ននៅ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
យោងដីការបង្គាប់ឱ្យចាប់ខ្លួន របស់សាលាដំបូងខេត្តព្រះសីហនុ លេខ ៤៦ តព/២០ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានសម្រេចយ៉ាងដូច្នេះថា ៖
១-បង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ញ៉ក់ គឹមតុង ដែលមានអត្តសញ្ញាណខាងលើ។
២-បញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈឱ្យស្រាវជ្រាវចាប់ និងឱ្យនាំខ្លួនឈ្មោះ ញ៉ក់ គឹមតុង ភេទប្រុស កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ (សាវតាជាតិខាងលើ) មកប្រគល់ជូនចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសហនុដើម្បីចាត់ការតាមច្បាប់៕